ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តកែបត្រូវប៉ាន់ស្ងាត់ស្ងៀម

បទល្មើសនេសាទនៅដែនសមុទ្រខេត្តកែបបានកើតឡើង​យ៉ាងស្ងាត់ស្ងៀមជាទីបំផុត តាមរយៈការអនុញ្ញាតឲ្យទូកអ្នកនេសាទវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរ ។ នៅខេត្តកែបមិនសូវមានអ្នកនេសាទខ្មែរដែលផ្ទុះការតវ៉ា​ដូចនៅខេត្តកំពតនោះឡើយ ។ ហេតុនេះហើយ បានជា​មន្ត្រីជលផល​​នាំគ្នានិយាយថា លោក គង់ វីរៈ នាយខណ្ឌរដ្ឋបាលជលផលខេត្តកែបគ្រប់ទឹកយ៉ាងស្ងៀមស្ងាត់ ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទូកអូសគូ របស់អ្នកនេសាទវៀតណាមរាប់រយគ្រឿងក្នុងមួយថ្ងៃៗ បាន​នេសាទល្មើសច្បាប់ក្នុងដែនសមុទ្រខ្មែរខេត្តកែប ក្រោមក្រសែភ្នែកមន្ត្រីរដ្ឋបាលជលផលលោកគង់ វីរៈ ។ នៅពេលដែល​ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអគ្គនាយកដ្ឋានរដ្ឋបាលជលផលសួរនាំ​ លោកគង់ វីរៈ ប្រាប់ថា កម្លាំងរបស់ជលផលមានតិចតួចមិនអាចមានសមត្ថភាពបង្ក្រាបបទល្មើសទ្រង់ទ្រាយធំនោះទេ ។ លោកទម្លាក់កំហុសទៅលើអង្គភាពនគរបាលជើងទឹកថា មិនបានបង្ក្រាបបទល្មើស ។ ប៉ុន្តែផ្ទុយទៅវិញប្រភពអះអាងថា ទូកអ្នកនេសាទវៀតណាមដែលចូលមកនេសាទល្មើសក្នុងដែនទឹកខ្មែរនោះ សុទ្ធតែបង់ប្រាក់ឲ្យលោកគង់ វីរៈរួចទៅហើយ ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បទល្មើសនៃការអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរ គឺជារឿងធម្មតារបស់ពួកមន្ត្រីជលផល ជាពិសេសខេត្តកែប ។ បើទោះបីជាផ្ទៃទឹកមានទំហំតូច ប៉ុន្តែអ្នកនេសាទវៀតណាមបានចូលមកនេសាទក្នុងដែនទឹកខ្មែរជារៀងរាល់ថ្ងៃ ។ ពួកអ្នកនេសាទវៀតណាមទាំងនោះ ប្រព្រឹត្តល្មើសជាចំហរ ព្រោះតែអាងថា បានបង់លុយឲ្យសមត្ថកិច្ចជំនាញទាំងនគរបាលដែនទឹក និងមន្ត្រីរដ្ឋបាលជលផលរួចហើយ ។ ដូច្នេះ ច្រើនឆ្នាំមកនេះ លោកគង់ វីរៈ ប្រមូលបានលុយច្រើនរាប់មិនអស់ពីការបិទភ្នែក​អនុញ្ញាត​ឲ្យជនជាតិវៀតណាមចូលមកនេសាទខុសច្បាប់ក្នុងដែនទឹកខ្មែរនាខេត្តកែប ៕