ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ កំពុងសប្បាយប្រមូលលុយពីបទល្មើសព្រៃឈើ

ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេលប្រមាណ២សប្ដាហ៍កន្លងទៅនេះឈ្មួញនិងក្រុមជនល្មើសច្រើននាក់សម្រុកដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឆ្លងកាត់ស្រុកភ្នំក្រវាញ យ៉ាងពេញបន្ទុកហើយមិនឃើញមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់នោះទេ។ ប្រភពបានឲ្យដឹងទៀតថា ជួនកាលរថយន្តកែច្នៃដឹកឈើ គោយន្តកន្ត្រៃ និងរថយន្តធំៗបានដឹកឈើឆ្លងកាត់ផ្លូវជាតិលេខ៥៥ ក្នុងស្រុកភ្នំក្រវាញ យ៉ាងគគ្រឹកគគ្រេងហើយមិនឃើញមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកភ្នំក្រវាញ ចាត់វិធានការបង្ក្រាបនោះទេហើយបណ្ដោយឲ្យរាលដាលកាន់តែខ្លាំងជាងមុនទៅទៀត។

ប្រជាពលរដ្ឋនៅក្នុងស្រុកភ្នំក្រវាញ បានឲ្យដឹងថា រយៈពេលប្រមាណចុងក្រោយនេះរថយន្តធំៗ រថយន្តកែច្នៃ និងគោយន្តកន្ត្រៃ ដឹកឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងមួយថ្ងៃៗរាប់រយគ្រឿងហើយមិនឃើញមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបឡើយ។ ប្រជាពលរដ្ឋបានកត់សម្គាល់ថាកាលពីសប្ដាហ៍មុនសមត្ថកិច្ចអាវុធហត្ថបង្ក្រាបរថយន្តដឹកឈើនិងគោយន្តដឹកឈើជាច្រើនគ្រឿងប្រគល់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើជាអ្នកចាត់ការតាមនីតិវិធី ក៏ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើបែរជាដោះលែងស្រួលៗមិនខ្វល់ពីការរិះគន់អ្វីឡើយ។ ប្រការនេះហើយដែលធ្វើឲ្យសមត្ថកិច្ចពាក់ព័ន្ធអស់ទឹកចិត្តក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើគឺជាអ្នកឃុបឃិតឲ្យក្រុមឈ្មួញនិងក្រុមជនល្មើសដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឆ្លងកាត់ទឹកដីស្រុកភ្នំក្រវាញ យ៉ាងអនាធិបតេយ្យបំផុត។

ប្រភពខ្លះបានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀតគឺជាអ្នកចាំប្រមូលលុយពីក្រុមឈ្មួញនិងក្រុមជនល្មើសដែលដឹកជញ្ជូនឈើឆ្លងកាត់ស្រុកភ្នំក្រវាញ យ៉ាងក្រអឺតក្រទមតែម្តង។ ប្រជាពលរដ្ឋនិងមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកភ្នំក្រវាញ បានឲ្យដឹងទៀតថា ក្រុមខ្សែផ្លូវនៅស្រុកភ្នំក្រវាញ ក្លាយជាផ្លូវដែលក្រុមឈ្មួញនិងក្រុមជនល្មើសដឹកជញ្ជូនឈើឆ្លងកាត់យ៉ាងគគ្រឹកគគ្រេង ហើយលោក ងី វីរៈ គឺជាអ្នកទទួលបានផលប្រយោជន៍ច្រើនជាងគេក្នុងការឃុបឃិតឲ្យមានបទល្មើសព្រៃឈើកើតឡើងយ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះ ៕