ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ខ្សឹបដាក់ត្រចៀក៖ នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា​ដាក់មន្ត្រីចាំដកតុងពីអ្នកដឹកឈើ​

គេរាយការណ៍ថា លោក ជុយ សុខឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា​បានពង្រាយកម្លាំង​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យចាំស្ទាក់​យកប្រាក់ពី​អ្នកដឹកឈើ​តាម​ម៉ូតូមិនលើកលែងនោះឡើយ ។ ស្ទើរគ្រប់ខ្សែផ្លូវដែលមានការដឹកជញ្ជូនឈើ ទោះទ្រង់ទ្រាយតូច ទ្រង់ទ្រាយធំ សុទ្ធតែមានមន្ត្រីរបស់លោកជុយ សុខឃាង ចាំទារប្រាក់ពីអ្នកដឹកឈើ ។ សូម្បីតែប្រជាការពារ​ដឹកឈើបន្តិចបន្តួចដើម្បីចិញ្ចឹមក្រពះក៏មិនអាចគេចផុតពីកណ្តាប់ដៃក្រុមលោក ជុយ សុខឃាង នោះបានដែរ ។ យ៉ាងដូច្នេះមានន័យថា លោកជុយ សុខឃាង មិនដែលលើកលែងឲ្យនរណាឡើយ ។ វាក្លាយទៅជារឿងធម្មតា​សម្រាប់​ការដែលលោកជុយ សុខឃាងដាក់កម្លាំងដើម្បីទារប្រាក់ ។

​មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តមណ្ឌលគិរី មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ប្រព្រឹត្ត​អំពើពុករលួយ គាប​យកលុយ​ពី​ក្រុម​អ្នកដឹកឈើ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ុំ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ​។ លោក អ៊ុំ វណ្ណ​សុភ​គ៌ បើកដៃ​ឲ្យ​លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​រហូតដល់​ក្រុម​អ្នក​ដឹកជញ្ជូន​ឈើ​អត់ធ្មត់​តទៅទៀត​លែង​បាន ក៏​នាំគ្នា​ធ្វើ​ការតវ៉ា​ដើម្បី​លាតត្រដាង​អំពើអាក្រក់​របស់លោក ជុ​យ សុឃាង ជា​សាធារណៈ​តែម្តង​។​

​ថ្មីៗ​កន្លងទៅនេះ​ក្រុម​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុង ដឹកឈើ​ប្រមាណ​២០​គ្រឿង​បានមក​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅមុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ, ​ចុង​ផ្លាស់, សួន​អាពាហ៍ពិពាហ៍​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​រឿង​លោក ជុ​យ សុឃាង គាប​យកលុយ​ពី​ពួកគេ​ស្រេច​តែ​អំពើ​ចិត្ត​។ ក្រុមអ្នកតវ៉ា​បាន​ឲ្យ​ដឹងថា​កន្លងមក​លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា បាន​តម្រូវ​ឲ្យ​ពួកគេ​បង់លុយ​ក្នុង​រថយន្ត​ដឹកឈើ​មួយគ្រឿង​៨​ម៉ឺន​រៀល​ឬ​២០​ដុល្លារ ដើម្បី​ជា​ថ្នូរ​នឹង​ការអនុញ្ញាត​ឲ្យ​ដឹកឈើ​តាម​ធម្មតា​ដោយ​គ្មាន​ការផាកពិន័យ​។ ក្រុមអ្នកតវ៉ា​បានទាមទារ​ឲ្យ​លោក ជុ​យ សុឃាង បញ្ចុះតម្លៃ​២​ម៉ឺន​រៀល​ព្រោះ​អី​មុខរបរ​រកស៊ី​ដឹកជញ្ជូន​ឈើ​របស់​ពួកគេ​មិនសូវ​បាន​ផលចំណេញ​នោះទេ ព្រោះ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​កន្លែង​ទម្រាំ​ដល់​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ​

​តាម​ការអះអាង​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ក្នុង​តំណែង​ជា​នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា គឺ​លោក ជុ​យ សុឃាង មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​តួនាទី​របស់ខ្លួន​ឡើយ ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លង​កាត់មុខ​ស្នាក់ការ​របស់ខ្លួន​យ៉ាង​ពេញបន្ទុក​ទាំងថ្ងៃទាំងយប់​។ តាម​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ការដែល លោក ជុ​យ សុឃាង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ុំ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ផង​ដែល​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ជាក់ស្ដែង​សូម​ម្បី​តែ​អ្នកស៊ីឈ្នួល​បើកបរ​រថ​យន្ត​សាំ​យ៉ុង​ដឹកឈើ​គ្រោងទ្វារ​បង្អួច​ពី​ខេត្តមណ្ឌលគិរី ឆ្លងកាត់​ស្រុក​កែវ​សីមា ត្រូវ​លោក ជុ​យ សុឃាង គាប​យកលុយ​តាម​អំពើ​ចិត្ត​ដែរ​ក្រោមលេស​ថា​ជា​លុយ​ថ្លៃ​បាយទឹក​។

​បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ចូលទៅ​ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​ដឹកជញ្ជូន​ចេញទៅ​ប្រទេសវៀតណាម​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ ព្រោះ​អី​លោក ជុ​យ សុឃាង គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ នៅ​ច្រក​ដាក់​ដាំ ស្រុក​អូររាំង និង​ច្រក​ណាំ​លៀ ស្រុក​ពេ​ជ្រា​ដា ក៏​ឈ្មួញ​ជាច្រើន​នាក់​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេសវៀតណាម​យ៉ាង​ពេញបន្ទុក​ដែរ​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ ៕