ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ខ្សឹបដាក់ត្រចៀក៖ នាយរងប៉ុស្តិ៍រដ្ឋបាលកំពង់លួងកាងបទល្មើសអួនហ៊ុំ៤វង់

បទល្មើសនេសាទក្នុងបឹងទន្លេសាប ខេត្តពោធិ៍សាត់មិនថមថយនោះទេ ពីព្រោះមិនត្រឹមតែស្ថាប័នជំនាញរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ុណ្ណោះទេ ដែលជាអ្នកឃុបឃិតឲ្យមានបទល្មើស សូម្បីតែមន្ត្រីនគរបាលប៉ុស្តិ៍ ក៏មានសិទ្ធិកាងបទល្មើសដែរ។ ដូច្នេះបទល្មើសនេសាទនៅបឹងទន្លេសាបបានក្លាយទៅជាប្រព័ន្ធដ៏ធំមួយ គួបផ្សំនឹងថ្នាក់ដឹកនាំថ្នាក់ជាតិខ្សោយទៀតផង ដូច្នេះ បទល្មើសនៅតែកើតមានជាហូរហែ។

គេរាយការណ៍ថា លោកសេង សំណាង ហៅដំរី នាយរងប៉ុស្តិ៍រដ្ឋបាលកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាងបទល្មើសអួនហ៊ុំ៤វង់ ដែលក្នុងនោះ១វង់មានប្រវែងប្រហែល៨០០ម៉ែត្រ ត្រូវបានលោកនាយរងប៉ុស្តិ៍ស្នើសុំផ្តាច់មុខ ដោយមិនមានការបង់ប្រាក់អ្វីទេ ។ រីឯ៣វង់ផ្សេងទៀត លោកនាយរងប៉ុស្តិ៍សេង សំណាង ជាអ្នករត់ការបង់ប្រាក់ឲ្យរដ្ឋបាលជលផលថ្នាក់ខេត្ត ។ ដោយការយោគយល់ មន្ត្រីជលផលថ្នាក់ខេត្តពោធិ៍សាត់បានបិទភ្នែកទទួលយកប្រាក់ពីលោកសេង សំណាង ដែលកាងអួនទាំង៣នោះជាថ្នូរនឹងប្រាក់រាប់ពាន់ដុល្លារ ។ នៅពេលដែលមានការរៀបចំជាប្រព័ន្ធយ៉ាងដូច្នេះ ការបង្ក្រាបគឺពិតជាមិនអាចធ្វើបានទេ។ ករណីលោកសេង សំណាងកាងបទល្មើសនេសាទនេះ គេមិនដឹងថា ស្នងការនគរបាលខេត្តពោធិ៍សាត់បានជ្រាបដែរឬយ៉ាងណានោះទេ។

ក្រៅពីលោកនាយរងប៉ុស្តិ៍រដ្ឋបាលកំពង់លួង សេង សំណាង ក៏មានបុរសជនជាតិវៀតណាមម្នាក់ឈ្មោះ ហួន ធី ជាអ្នករត់ការប្រមូលអួនហ៊ុំទាំងអស់យកលាភសក្ការថ្វាយថ្នាក់ដឹកនាំខេត្ត និងជំនាញខេត្តពោធិ៍សាត់នោះផងដែរ។ លោកហួន ធី គឺជាអ្នកដែលបានគៀងគរអ្នកនេសាទល្មើសច្បាប់ទាំងឡាយឲ្យចូលនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ហើយខ្លួនប្រមូលប្រាក់ពីអ្នកនេសាទល្មើសទាំងនោះដើម្បីទៅចាត់ចែងឲ្យជំនាញ និងថ្នាក់ដឹកនាំខេត្ត។ ហេតុដូច្នេះហើយ បានជាការប៉ុនប៉ងបង្ក្រាបបទល្មើសនេសាទណាមួយនៅខេត្តពោធិ៍សាត់ពិបាកក្នុងការបង្ក្រាប ពីព្រោះវាមានប្រព័ន្ធយ៉ាងរឹងមាំក្នុងការសហការគ្នាកសាងបទល្មើស ។

ការរំពឹងអាងទៅលើអគ្គនាយករដ្ឋបាលជលផលនៅភ្នំពេញ គឺពិតជាមិនអាចទៅរួចឡើយ ។ អគ្គនាយករដ្ឋបាលជលផលផ្តេកផ្តួលរមួលផ្សំគ្រិចព្រោះតែលាភសក្ការ ដែលមន្ត្រីក្រោមឱវាទផ្តល់ឲ្យ ។ ដូច្នេះ មានតែថ្នាក់ដឹកនាំក្រសួងកសិកម្មប៉ុណ្ណោះទើបអាច កាត់បន្ថយបញ្ហាបទល្មើសនេសាទនៅបឹងទន្លេសាបបាន ៕