ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ខ្សឹបដាក់ត្រចៀក៖ បញ្ហាល្បែងស៊ីសងនៅខេត្តកំពង់ចាមវាស់ស្ទង់សមត្ថភាពសមត្ថកិច្ច

ប្រជាពលរដ្ឋ​តាម​បណ្ដា​ស្រុក​មួយចំនួន​ក្នុង​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែងស៊ីសង​ខុសច្បាប់​បៀ​អាប៉ោង និង​បញ្ជល់មាន់​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​លោក ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម និង​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឡើយ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​តទៅទៀត​នោះទេ ព្រោះ​សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​គឺជា​អ្នក​ឃុបឃិត​ឲ្យ​ជនល្មើស​បើក​ល្បែងស៊ីសង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៤ ខែមេសា កន្លងទៅ​ថ្មីៗ​នេះ​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​សង្វៀន​បញ្ជល់មាន់​មួយកន្លែង​នៅ​ភូមិ​មាន់​ដប់​លើ ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ហើយ​បង្ក្រាប​បានតែ​កៅអី​ជ័រ​ចំនួន​១២៨ តុ​ដែក​ចំនួន​៤, ស៊ុម​ក្រុងមាន់​ចំនួន​៤៤ និង​តុ​ឈើមូល​ដែលមាន​ក្រាលកម្រាល​ហាន់​តោ​អាប៉ោង​មួយ​ផ្ទាំង​ផងដែរ ចំណែក​អ្នកលេង​ល្បែង​និង​ម្ចាស់​សង្វៀន​បញ្ជល់មាន់​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​អស់​។ ករណីនេះ​ត្រូវ​ប្រជាពលរដ្ឋ​បង្ហើប​ឲ្យ​ដឹងថា មាន​សមត្ថកិច្ច​មូលដ្ឋាន​ជា​អ្នកផ្ដល់​ព័ត៌មាន​ឲ្យ​ម្ចាស់​សង្វៀន​បញ្ជល់មាន់​និង​អ្នកលេង​ល្បែង​បញ្ជល់មាន់​បានដឹង​ជាមុន​ទើប​ពួកគេ​អាច​គេចខ្លួន​ពី​កន្លែងកើតហេតុ​យ៉ាង​ស្រួលៗ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​មាន់​ដប់​លើ ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​មានជ័យ ក៏ដូចជា​អធិការនគរបាល​ស្រុក​ស្រី​សន្ធរ ទេនោះ​គឺ​គ្មាន​នរណា​ហ៊ាន​បើក​ល្បែង​បញ្ជល់មាន់​និង​ល្បែង​អាប៉ោង​ស្រេច​តែ​អំពើ​ចិត្ត​ទេ​។ ទន្ទឹមនឹងនេះ​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្ទឹងត្រង់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មាន​សង្វៀន​បញ្ជល់មាន់​ធំ​មួយ​ត្រូវគេ​បើក​លេង​យ៉ាង​រលូន​ដែរ គឺ​នៅ​ក្នុងភូមិ​អូរ​ប្រាំ ឃុំ​អូរ​ម្លូ ដោយមាន​ឈ្មោះ វ៉ាន់ ជា​អ្នក​រត់ការ​ជាមួយ​សមត្ថកិច្ច ហើយ​មិនទាន់​ឃើញ​មានការ​បង្ក្រាប​នៅឡើយ​ទេ​។ ចំណែក​នៅ​ជិត​ផ្សារ​បែក​អន្លូង ស្រុក​ស្ទឹងត្រង់ ក៏មាន​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយ​ផងដែរ​ដោយមាន​អ្នកកាង​ឈ្មោះ អា​តា និង​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ​៕