ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកំពង់ធំបណ្ដោយឲ្យលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើ ធ្វើអ្វីៗតាមអំពើចិត្ត

ប្រជាពលរដ្ឋរស់នៅឃុំក្រញា ស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់ព្រៃអង់តែន នៅតែកើតឡើងយ៉ាងរាលដាលព្រោះមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកសន្ទុក មិនចាត់វិធានការបង្ក្រាបបទល្មើសឡើយ។

ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា ការដែលមន្ត្រីរដ្ឋបាលព្រៃឈើស្រុកសន្ទុក ហ៊ានឃុបឃិតបើកដៃឲ្យឈ្មួញកាប់ឈើ ដឹកជញ្ជូនឈើចេញពីតំបន់ព្រៃអង់តែន យ៉ាងសុខស្រួលគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ដែលកំពុងល្បីល្បាញជាប់ពាក់ព័ន្ធរឿងអាស្រូវពុករលួយ។

ប្រភពពីមន្ត្រីសាលាខេត្តកំពង់ធំ មួយចំនួនក៏បានបង្ហើបឲ្យដឹងដែរថា ការដែលលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺមានការបើកដៃពីសំណាក់លោក សុខ លូ អភិបាលខេត្តកំពង់ធំ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។

ចំណែកសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតាមបណ្ដាឃុំមួយចំនួនក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឲ្យដឹងថាបច្ចុប្បន្នព្រៃឡង់នៅក្នុងឃុំមានរិទ្ទ ឃុំងន ឃុំទំរីង និងឃុំដងកាំបិត នៅតែប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយ។

ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ មិនចាត់់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុង និងរថយន្តធុនធំចេញពីតំបន់ព្រៃឡង់យ៉ាងអនាធិបតេយ្យនោះទេ ផ្ទុយទៅវិញគេបង្ក្រាបតែប្រជាពលរដ្ឋដែលដឹកឈើតាមរទេះគោក្របីបន្តិចបន្តួចមកជួសជុលលំនៅដ្ឋានប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានរិះគន់ថាលោក សុខ លូ អភិបាលខេត្តកំពង់ធំ គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើដែលនៅតែបន្តកើតឡើងយ៉ាងពេញបន្ទុកនោះទេ ហើយកំពុងបណ្ដោយឲ្យលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ឃុបឃិតបើកដៃឲ្យឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងគឃ្លើនដដែល។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្ននេះឈ្មួញមួយចំនួននៅតែបន្តសកម្មភាពដឹកជញ្ជូនឈើប្រណីតពីខេត្តឧត្ដរមានជ័យ ខេត្តសៀមរាប ខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ យ៉ាងរាលដាលជាពិសេសនៅពេលយប់ ហើយមិនដែលឃើញមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ចាត់វិធានការបង្ក្រាបទាល់តែសោះ។

មជ្ឈដ្ឋាននានាបានកត់សម្គាល់ថា ការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើប្រណីត ឈើគ្រញូងឆ្លងកាត់ខេត្តកំពង់ធំ នាពេលកន្លងមកភាគច្រើនជាចំណាត់ការរបស់សមត្ថកិច្ចអាវុធហត្ថនិងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចជាដើម ចំណែកមន្ត្រីរដ្ឋបាលព្រៃឈើចាំតែទទួលឈើនិងរថយន្តជាវត្ថុតាងទៅចាត់ការតាមនីតិវិធី។

ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះ គឺគ្មានឈ្មួញណាហ៊ានបន្តប្រព្រឹត្តបទល្មើសព្រៃឈើក្នុងខេត្តកំពង់ធំ និងដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ធំ យ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះឡើយ៕