ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសកើតមានយ៉ាងធ្ងន់ធ្ងរនៅស្រុកអង្គរបុរីគឺការអនុញ្ញាតឲ្យជនជាតិវៀតណាមចូលនេសាទ

បទល្មើសនេសាទនៅស្រុកអង្គរបុរី ក៏ដូចជាស្រុកបុរីជលសា​ខេត្តតាកែវ កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ដោយសារ​តែ​ពួកមន្ត្រីជលផលអនុញ្ញាតឲ្យអ្នកនេសាទជនជាតិវៀតណាមចូលមកនេសាទដោយសេរី និងអនាធិបតេយ្យដោយ​ពួកគេគ្រាន់តែបង់លុយជូនមន្ត្រីជលផលប្រចាំតំបន់តែប៉ុណ្ណោះ។ បុរសជនជាតិវៀតណាម ដែលជាអ្នកសម្របសម្រួល​រត់ការក្នុងការប្រព្រឹត្តបទល្មើសនេសាទនៅស្រុកអង្គរបុរីអះអាងថា លោកអ៊ឹម ផាត នាយ​សង្កាត់សង្កាត់រដ្ឋបាលជលផលស្លែង ក្នុងស្រុកអង្គរបុរីជាអ្នក​ប្រមូលផលប្រយោជន៍ទាំងស្រុងពីបទល្មើស ដែលអនុញ្ញាតឲ្យជនជាតិវៀតណាមចូលនេសាទ។

ប្រភពព័ត៌មានពីបុរសជនជាតិវៀតណាម ដែលជាមេការ​ប្រមូលប្រាក់ឲ្យលោកអឹម ផាត បានឲ្យដឹងថា ទូកនេសាទជនជាតិវៀតណាមរាប់រយគ្រឿងចូលមកប្រព្រឹត្តបទល្មើសក្នុងដែននេសាទ​ខ្មែរ ដោយដាក់ដាយ របាំងព្រួល និងទូកកន្ទុយកណ្តុរបានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ។ បើអ្នកនេសាទខ្មែរវិញ ត្រូវអ៊ឹម ផាតចាប់យក​ទៅដាក់គុកច្រវាក់មិនខានឡើយ។ ប៉ុន្តែសម្រាប់អ្នកនេសាទវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរ ក្នុងស្រុកអង្គរបុរីតាមចិត្ត ដោយគ្រាន់តែបង់លុយឲ្យលោកអ៊ឹម ផាត។ បុរសជនជាតិវៀតណាមម្នាក់អះអាងថា ទូកនេសាទវៀតណាម១គ្រឿង ត្រូវបង់ប្រាក់​ឲ្យលោកអ៊ឹម ផាត ចាប់ពី​១២លានដុង ឬប្រហាក់ប្រហែល៧រយដុល្លារ ទើបអាចចូលនេសាទបាន។

NKD-36x6_outline

ក្នុងរដូវ​ដែលមានសកម្មភាពនេសាទខ្លាំងនេះ លោកអ៊ឹម ផាត អាចប្រមូលបានប្រាក់រាប់ម៉ឺនដុល្លារ។ ជាមួយគ្នានោះ ក៏មានបទល្មើសទ្រង់ទ្រាយធំផ្សេងទៀតក្នុងអង្គរបុរី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ខឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលអង្គរបុរី។ លោកខឹម ប៊ុនថន គ្រប់គ្រងបទល្មើសក្នុងការអនុញ្ញាតឲ្យជនជាតិវៀតណាម​ចូលមកដាក់សម្រាស់ ដែលអាចប្រមូលទិន្នផលត្រីរាប់តោននៅពេលប្រមូលផលម្តងៗ។ អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុកអង្គរបុរី ក៏ដូចជាបុរីជលសាឈឺចាប់បំផុតនោះ គឺពលរដ្ឋខ្មែរម្ចាស់ស្រុកមិនត្រូវ​ក្រុម​មន្ត្រីជលផលអនុញ្ញាតឲ្យចូលនេសាទត្រីដើម្បីចិញ្ចឹមក្រពះទេ គឺពួកមន្ត្រីជលផល​អ៊ឹម ផាត ក៏ដូចជាខឹម ប៊ុនថន អនុញ្ញាតឲ្យតែជនជាតិវៀតណាម ដែលបង់ប្រាក់ឲ្យខ្លួនប៉ុណ្ណោះ ទើបអាចចូលនេសាទបាន៕

លោកខឹម ប៊ុនថន