ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទនៅស្រុកមោងឫស្សីក្រោមភ្នែកលោក នឹន សោម

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​លោក នឹ​ន សោម នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​មោង​ប្ញ​ស្សី មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប៉ុន្តែ​នៅពេល​ប្រជាពលរដ្ឋ​ប្រើ​ឧបករណ៍​ខុសច្បាប់​តិចតួច​ដើម្បី​ចាប់​ត្រី បែរជា​លោក នឹ​ន សោម ប្រើ​អំណាច​គាបសង្កត់​ជំរិត​យកលុយ​យ៉ាង​កំរោល ហើយ​បំផ្លាញ​ឧបករណ៍​នេសាទ​របស់​ពលរដ្ឋ​ចោល​ទៀតផង​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រព្រឹត្ត​អំពើពុករលួយ​ដើម្បី​ចែក​ផលប្រយោជន៍​គ្នា​យ៉ាង​សុខ​ស្រួល​។

ថ្មីៗ​នេះ​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​លោក នឹ​ន សោម បាន​គាបសង្កត់​ជំរិត​យកលុយ​ពី​ពួកគាត់​១,៥​លាន​រៀល ហើយ​ថែមទាំង​បំផ្លាញ​ឧបករណ៍​នេសាទ​របស់​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​គ្មាន​ការយោគយល់​អ្វី​ឡើយ​។ ចំណែក​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ បែរជា​លោក នឹ​ន សោម នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​មោង​ប្ញ​ស្សី មើលរំលង​ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​មោង​ប្ញ​ស្សី អំពាវនាវ​ឲ្យ​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក នឹ​ន សោម នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​មោង​ប្ញ​ស្សី​ជាបន្ទាន់​។

ប្រភពពី​ប្រជា​នេសាទ​ក្នុងស្រុក​មោង​ប្ញ​ស្សី បាន​ឲ្យ​ដឹងថា​លោក នឹ​ន សោម ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ ដោយសារ​តែមាន​ការបើក​ដៃ​ពី​សំណាក់​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ហើយ​បណ្ដោយ​ឲ្យ​បទ​លើ្ម​ស​កើតឡើង​យ៉ាង​ពេញបន្ទុក​។ មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ខេត្តបាត់ដំបង មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក នឹ​ន សោម ធ្លាប់ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​តាំងពី​នៅ​ធ្វើជា​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ មកម្ល៉េះ​។ នៅពេល​ទទួលបាន​តំណែង​ជា​នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​មោង​ប្ញ​ស្សី គឺ​លោក នឹ​ន សោម ប្រព្រឹត្ត​អំពើពុករលួយ​តាមរបៀប​ជិះសេះ​លែងដៃ​តែម្តង​រហូត​ប្រជាពលរដ្ឋ​អត់ទ្រាំ​តទៅទៀត​លែង​បាន​ក៏​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់​បុគ្គល​នេះ​ជា​សាធារណៈ​៕