ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​ឃុំ​ពាម​បាង រាលដាល​កាន់តែខ្លាំង​

​ប្រភពពី​ប្រជា​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា រយៈពេល​២​ខែ​កន្លងទៅនេះ​ឈ្មួញ​ឈ្មោះ យី​ម ដែលមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល កំពុង​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​ពេញបន្ទុក​។ ការដែល​ឈ្មួញ​ឈ្មោះ យី​ម អាច​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​តាម​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​សំណាក់​លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង និង​លោក ហុក ម៉ន់ នាយរង​សង្កាត់រដ្ឋបាល​ជលផល​ពាម​បាង​។

​សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​ក្នុង​ឃុំ​ពាង​បាង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទរ​បាំងសាច់​អួន​ក្រឡា​ញឹក និង​របាំង​ស្បៃ​មុង ព្រមទាំង​ឧបករណ៍​ផ្សេងៗ​ទៀត​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅ​ចំណុច​ខ្វែង​តា​សូរ ចំណុច​ទឹកថ្លា និង​ចំណុច​បឹង​ព្រលឹត​។ ជុំវិញ​បញ្ហា​នេះ​សមត្ថកិច្ច​តូចតាច​ក្នុង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។ សូម្បីតែ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល​នៃ​ក្រសួងកសិកម្ម ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុងខណៈដែល​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​ខេត្តកំពង់ធំ កំពុងតែបន្ត​កើតឡើង​ឥតឈប់ឈរ​និង​មាន​សភាព​កាន់តែខ្លាំង​ជាង​មុន​។

​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា កន្លងមក​សមត្ថកិច្ច​ចម្រុះ​ដែលមាន​ការចូលរួម​ពី​មន្ត្រី​សាលាខេត្ត​កំពង់ធំ ផង​នោះ​បង្ក្រាប​តែ​បទល្មើស​តូចតាច ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​ធំៗ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ អាច​និយាយបានថា ការបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ខេត្តកំពង់ធំ នាពេល​កន្លងមក​គឺជា​រឿង​ឥតន័យ​ព្រោះ​គេ​បង្ក្រាប​តែ​បទល្មើស​តូចតាច ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

គួរ​រំលឹក​ដែរ​ថា​ថ្មីៗ​កន្លងទៅនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បានចេញ​បទបញ្ជា​តឹងតែង​ដោយ​ព្រមាន​ដកហូត​តំណែង​អភិបាលខេត្ត​ទាំងឡាយណា​ដែល​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​កើតឡើង​ច្រើនជាងគេ​។ ក៏ប៉ុន្តែ​មកដល់ពេលនេះ​មិនទាន់​ឃើញ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​ដកហូត​តំ​ណែ​កលោក សុខ លូ អភិបាលខេត្ត​កំពង់ធំ នៅឡើយ​ទេ​បើទោះបី​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ កើតឡើង​យ៉ាង​អនាធិបតេយ្យ​ក៏ដោយ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប ខេត្តកំពង់ធំ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​៕