ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសឆក់ត្រី​នៅ​ស្រុកស្ទោងត្រូវបង់លុយឲ្យលោក កន ចន្ទសីហា

បទល្មើសនេសាទឆក់ត្រី​នៅតំបន់​ចុងអាង ស្ថិតក្នូងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បាននិងកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងដោយមិនរំខានសមត្ថកិច្ចនោះឡើយ ។ ប្រជាពលរដ្ឋ​នៅឃុំសំព្រោជ, ឃុំចំណារក្រោម និងឃុំម្សារក្រង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ សុទ្ធមានឧបករណ៍ឆក់ ដើម្បីប្រព្រឹត្តនេសាទល្មើសច្បាប់ ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកខ្លួនអាចចុះទៅឆក់ត្រីនៅតំបន់ចុងអាង ដែលក្នុងមួយថ្ងៃៗម្នាក់ៗបានត្រីមិនតិចជាង៥០គីឡូក្រាម ពួកខ្លួនត្រូវបង់ប្រាក់​ឲ្យលោក កន ចន្ទសីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ក្នុងម្នាក់ៗមួយសប្តាហ៍២០ម៉ឺនរៀល ។ ប្រសិនបើមិនបង់ប្រាក់ឲ្យមន្ត្រីជលផលទេ គឺមិនអាចនេសាទបានតាមអំពើចិត្តនោះឡើយ ។ ក្រៅពីនោះ អ្នកនេសាទខ្មែរក៏ត្រូវបង់ប្រាក់ឲ្យអាជ្ញាធរដែនដី ឃុំ និងស្រុកដែរ ។ គេមិនដឹងថា តើលោកអភិបាលខេត្តកំពង់ធំ សុខ លូ បានជ្រាបអំពីករណីនេះដែរឬយ៉ាងណានោះទេ ។

បទល្មើសនេសាទនៅខេត្តកំពង់ធំ ត្រូវបានលោកអភិបាលខេត្ត​ណែនាំឲ្យបង្ក្រាបជាញឹកញាប់ ប៉ុន្តែពួកមន្ត្រីជលផល មិនអើពើនឹងការណែនាំរបស់អភិបាលខេត្តនោះឡើយ ។ ជាក់ស្តែងបទល្មើសឆក់ត្រីនៅស្រុកស្ទោង ខេត្តកំពង់ធំ បាននិងកំពុងកើតមានព្រោះតែការឃុបឃិតរវាងមន្ត្រីជលផល នឹងអ្នកប្រព្រឹត្តល្មើស ។ ពួកមន្ត្រីជលផលថ្នាក់នាយខណ្ឌ ក៏ដូចជាប្រធានមន្ទីរកសិកម្ម និងអធិការខាងជើងបឹងទន្លេសាប ជាអ្នកដែលគាបសង្កត់មន្ត្រីថ្នាក់ក្រោមដើម្បីផលប្រយោជន៍ ។

NKD-36x6_outline

លោក កន ចន្ទសីហា មិនត្រឹមតែជាអ្នកឃុបឃិតឲ្យមានបទល្មើសនៃការឆក់ត្រីយ៉ាងគគ្រឹកគគ្រេងនៅតំបន់ ចុងអាងប៉ុណ្ណោះទេ សូម្បីតែនៅបឹងទន្លេសាប បទល្មើសនៃការ​នេសាទខុសច្បាប់ ក៏ត្រូវតែបង់ប្រាក់ឲ្យលោក កន ចន្ទសីហា ដែរ ។ និយាយរួមទៅ ឲ្យតែបទលើ្មសនេសាទនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ គឺមិនអាចរួចផុតពីកណ្តាប់ដៃលោកកន ចន្ទសីហា នោះឡើយ ។ ដូច្នេះ មានតែអាជ្ញាធរខេត្តកំពង់ធំ ពោលគឺលោកអភិបាលខេត្ត សុខ លូ ប៉ុណ្ណោះ ទើបអាចចាត់វិធានការបាន បើចាំរដ្ឋបាលជលផល មានវិធានការលើមន្ត្រីពុករលួយទាំងនោះ ដូចចាំផ្កាយលើមេឃ ៕