ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទនៅតំបន់ពាមបាងក្រោមការចាត់ចែងរបស់លោក ហួន ផល

ប្រភពពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​រស់នៅក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យ៉ាង​សុខ​ស្រួល​។ បើទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក ហួន ផល ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ក៏ដោយ​ក៏​រហូតមក​ដល់ពេលនេះ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ មិន​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង នោះឡើយ​។ ហេតុនេះហើយ​ទើប​មាន​មជ្ឈដ្ឋាន​ខ្លះ​សង្ស័យថា​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ទទួលបាន​ផលប្រយោជន៍​ពីបទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ផងដែរ​ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​នៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ប្រកបដោយ​ប្រសិទ្ធភាព​។

តំណាង​សហគមន៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៃ​ឃុំ​ពាម​បាង បាន​ឲ្យ​ដឹងថា ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មាន​ជនជាតិខ្មែរ​និង​ជនជាតិ​វៀតណាម​ធ្វើ​សកម្មភាព​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​រុញ​ស៊ី​ប​ចាប់​ត្រី​នៅ​ចំណុច​ទន្លេ​ឆ្មា​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ជលផល ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ឃុំ​ពាម​បាង ដែលមាន​លោក ហួន ផល គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​នេសាទ​ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​។ សូម្បីតែ​នៅ​តំបន់​ដែន​ឡូត៍​អភិរក្ស​បឹង​ទន្លេ​ឆ្មា​ក្នុង​ឃុំ​ពាម​បាង ក៏​លោក ហួន ផល ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​មហន្តរាយ​ផងដែរ​។

តាម​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ និង​ពី​សំណាក់​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ទេនោះ​គឺ​លោក ហួន ផល និង​បក្ខពួក​មិន​ហ៊ាន​ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​រាលដាល​ដូច​សព្វថ្ងៃ​នេះឡើយ​។ លើស​នេះ​ទៅទៀត​ប្រសិនបើ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ យកចិត្តទុកដាក់​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​នេសាទ​ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០០១​របស់​រាជរដ្ឋាភិបាល​នោះ គឺ​គ្មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដូច​សព្វថ្ងៃនេះ​ទេ​ ៕