ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទសមុទ្រខេត្តកំពតមិនថមថយ

តាម​ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពត មួយចំនួន​បាន​ឲ្យ​ដឹងថា លោក ចាន់ រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត និង​លោក ស សូ​រិន្ទ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ឲ្យ​ជនជាតិ​វៀតណាម​ចូលមក​នេសាទ​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ខេត្តកំពត យូរ​ឆ្នាំ​មកហើយ​។ ដោយសារតែ​អំពើពុករលួយ​របស់លោក ចាន់ រិ​ទ្ធ និង​លោក ស សូ​រិន្ទ ទើប​បច្ចុប្បន្ននេះ​នៅតែមាន​ទូក​ធំៗ​របស់​ជនជាតិ​វៀតណាម​ចូលមក​ធ្វើ​សកម្មភាព​បំផ្លាញ​ធនធាន​មច្ឆជាតិ​ក្នុង​ដែនសមុទ្រ​ខ្មែរ​នៃ​ខេត្តកំពត យ៉ាង​អនាធិបតេយ្យ​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​ត្រូវ​ចាត់វិធានការ​ទៅលើ​មន្ត្រី​ពុករលួយ ដូចជា​លោក ចាន់ រិ​ទ្ធ និង​លោក ស សូ​រិន្ទ ដើម្បី​ឲ្យ​សម​ទៅនឹង​អំពើ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​អស់​រយៈពេល​ច្រើន​ឆ្នាំ​កន្លងទៅនេះ​។​

​ថ្មីៗ​នេះ​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពត បាន​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​ទៅលើ​លោក ចាន់ រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត និង​លោក ស សូ​រិន្ទ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពត ជាបន្ទាន់​។ ដោយហេតុថា មន្ត្រី​២​នាក់​នេះ​គឺជា​អ្នក​ឃុបឃិត​ឲ្យ​ទូក​នេសាទ​របស់​ជនជាតិ​វៀតណាម​ចូលមក​ធ្វើ​សកម្មភាព​នេសាទ​ក្នុង​ដែនសមុទ្រ​ខ្មែរ​នៃ​ខេត្តកំពត យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។

ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពត បាន​ឲ្យ​ដឹងថា លោក ចាន់ រិ​ទ្ធ និង​លោក ស សូ​រិន្ទ បាន​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម​ចូលមក​ធ្វើ​សកម្មភាព​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ខ្មែរ​ច្រើន​ឆ្នាំ​មកហើយ និង​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ផងដែរ​។ ហេតុនេះហើយ​ទើប​ជនជាតិ​វៀតណាម​អាច​ប្រើ​ទូក​ធំៗ​និង​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ចូលមក​នេសាទ​បំផ្លាញ​ធនធាន​មច្ឆជាតិ​ក្នុង​ដែនសមុទ្រ​ខ្មែរ​យ៉ាង​មហន្តរាយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​បាន​បង់លុយ​ឲ្យ​មន្ត្រីនគរបាល​ព្រំ​ដែនទឹក​ក្រោម​ការគ្រប់គ្រង​របស់លោក ទូច ពលៈ ក៏ដូចជា​បង់លុយ​តាម​ការកំណត់​របស់លោក ចាន់ រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត និង​លោក ស សូ​រិន្ទ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពត ទើប​គ្មាន​នរណា​បង្ក្រាប​ពួកគេ​។​

តាម​ការអះអាង​ប្រជា​នេសាទ​ខ្មែរ​នៅក្នុង​ខេត្តកំពត បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ជនជាតិ​វៀតណាម​នៅតែ​អាច​ប្រើប្រាស់​ទូក​ធំៗ​និង​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ក្នុង​ដែនសមុទ្រ​ខេត្តកំពត ហើយ​ជួនកាល​ពួកគេ​ប្រើ​អំពើហិង្សា​លើ​ប្រជា​នេសាទ​ខ្មែរ និង​សម្លាប់​ប្រជា​នេសាទ​ខ្មែរ​យ៉ាង​សាហាវ​ទៀតផង​។ តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម​ចូលមក​នេសាទ​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ខ្មែរ គឺ​លោក ចាន់ រិ​ទ្ធ និង​លោក ស សូ​រិន្ទ អាច​ប្រមូល​លុយ​បាន​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយខែៗ ហើយ​ប្រហែលជា​មានការ​បែងចែក​ទៅ​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តកំពត ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួងកសិកម្ម មួយចំនួន​ផងដែរ​ទើប​ពួកគេ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ ៕