ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទ​ពេញផ្ទៃទឹកស្រុកអង្គរបុរី

ប្រជាពលរដ្ឋខ្មែរនៅស្រុកអង្គរបុរី​និយាយថា អភិបាលខេត្តតាកែវបច្ចុប្បន្ន លោក អ៊ូច ភា ងាប់ត្រគាកស្តូក ទុកឲ្យមន្ត្រី​ជលផលក្រឡុកតាមចិត្ត ។ ប៉ុន្តែប្រជាពលរដ្ឋខ្លះនិយាយថា លោកអភិបាលខេត្តក៏ទទួលបានផលប្រយោជន៍ការបិទភ្នែកនេះដែរ ។ សមតាមអ្វី ដែលពួកមន្ត្រីជលផលនិយាយ​ប្រាប់ លោកអភិបាលខេត្តថា ធនធានធម្មជាតិផ្នែកជលផល ទាំងនោះ បើមិនអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទទេ គង់វាហូរតាមទឹក​ចូលទៅទឹកដីវៀតណាមដែរ ។ ដូច្នេះយើងអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទ ហើយយកប្រាក់ទៅ វាមិនស្រួលឬ(Sic) ។ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះ គឺពលរដ្ឋខ្មែរនៅស្រុកអង្គរបុរី មិនត្រូវបានពួកមន្ត្រីជលផលអនុញ្ញាតឲ្យចូលនេសាទ​ដើម្បីចិញ្ចឹមក្រពះនោះឡើយ ។

គេរាយការណ៍ថា លោក អឹម ផាត នាយសង្កាត់ជលផលអង្គរបុរី និងលោក ឃឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលអង្គរ​បុរី គឺជាអ្នកដែលទទួលបានផលប្រយោជន៍​ក្នុងការប្រព្រឹត្តបទល្មើសជលផលនេះ ។ គ្មានទេ បណ្តាជនខ្មែរ​ដែល​ចូលទៅនេសាទដើម្បីបានត្រីលក់ ដូរ គ្រាន់ចិញ្ចឹមជីវិតនោះ ។ បើមានក៏សុទ្ធតែពួកឈ្មួញដែលមានប្រាក់បង់ឲ្យ​ពួកមន្ត្រីជលផល អ៊ឹម ផាត និងឃឹម ប៊ុនថន នេះដែរ ។ គ្រាន់តែនៅ អតីតឡូត៍លេខ១៧ បទល្មើស របាំង ព្រួល រាប់ពាន់ម៉ែត្រ កាត់ទន្លេ និងព្រែកនៅក្នុងភូមិសាស្ត្រនោះ ។ សៃយ៉ឺនរាប់សិបខ្សែកំពុងធ្វើសកម្មភាពស្របគ្នាជាមួយ​ទូកអ្នកនេសាទវៀតណាម ដែលពួកគេធ្វើសកម្មភាពនេសាទជាចំហរ ។ មិនតែប៉ុណ្ណោះ ពួកមន្ត្រីជលផល បានដើរកាង​សកម្មភាព នេសាទល្មើសច្បាប់បណ្តាជនវៀតណាមនោះទៀតផង ។

នៅអតីតឡូត៍លេខ១៧ ក្បែរច្រមុះស្នាក់ការពួកមន្ត្រីជលផលនេះ យ៉ាងហោចណាស់មានទូកវៀតណាមធ្វើសកម្មភាព​១២គ្រឿង ដែលជាផលចំណូលរបស់លោក អ៊ឹម ផាត និងជិត១០គ្រឿងទៀត ជារបស់លោក ឃឹម ប៊ុនថន ។ នៅទីនេះ មាន​របាំងខ្សែពីរខ្សែរបស់ឈ្មោះ ខុម ដែលមួយខ្សែៗមានប្រវែង២គីឡូម៉ែត្រ ។ នៅទីនេះដែរ មានរបាំង​ខ្សែរបស់ឈ្មោះ ណាក់ នៅកំពង់យោល ដែល​ធ្វើសកម្មភាពចាប់ពីចុងព្រែកគង់រហូតដល់​វាល​អតីតឡូត៍លេខ១៧ ។ របាំង៣ខ្សែផ្សេងទៀត​បានលាតសន្ធឹងពីឡូត៍លេខ១៧រហូតដល់ឡូត៍លេខ១៩ ។ ម្ចាស់របាំងទាំងនោះ គឺជាអ្នកដែលផ្តល់​ផលប្រយោជន៍​ឲ្យពួកមន្ត្រីជលផលទាំងពីររូបខាងលើរាប់ពាន់ដុល្លារក្នុងមួយរដូវ ។ អ្នកដែលធ្លាប់បានរកស៊ី​កាលពីឆ្នាំមុនៗ មកដល់ឆ្នាំនេះ ត្រូវបានពួកមន្ត្រីជលផលបិទទាំងស្រុង មិនឲ្យធ្វើសកម្មភាពឡើយ ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ពួកមន្ត្រីជលផល អ៊ឹម ផាត និងឃឹម ប៊ុនថន ជាអ្នកដែល​មើលការដោយផ្ទាល់ ចំពោះបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រស្រុកអង្គរបុរី និងបុរីជលសា ។ ពួកគេបានព្យាយាមបិទបាំង​មិនឲ្យពលរដ្ឋខ្មែរ​ចូលនេសាទក្នុង​ទឹកដីរបស់ខ្លួនឡើយ ។ ការបើពួកពលរដ្ឋខ្មែរចូលនេសាទ ពួកគេនឹងឃើញ​ទូកនេសាទវៀតណាមដែលធ្វើ​សកម្មភាពល្មើសច្បាប់ដែរ ។ ដូច្នេះ ទោះតម្លៃណាក៏ដោយ ពួកមន្ត្រីជលផល បានព្យាយាម ធ្វើយ៉ាងណា​រាំងខ្ទប់ពលរដ្ឋខ្មែរបានឃើញបទល្មើសនេសាទទាំងនោះឡើយ ។ ប្រជាពលរដ្ឋ​និយាយថា គេមិនដែលឃើញ​ថ្នាក់ដឹកនាំខេត្ត និយាយរួម និងនិយាយដោយឡែក លោកអភិបាលខេត្ត អ៊ូច ភា មានមតិយោបល់យ៉ាងណាចំពោះ​បញ្ហាបទល្មើសនេសាទនេះឡើយ ៕