ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើនៅស្រុកភ្នំក្រវាញកើតឡើងជាប្រព័ន្ធ

ចែករំលែក៖

តាំងពីអាជ្ញាធរថ្នាក់ខេត្តរហូតដល់ស្ថាប័នជំនាញ រដ្ឋបាលព្រៃឈើថ្នាក់មូលដ្ឋាន សុទ្ធតែជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ហេតុដូច្នេះហើយ បានជាគេមិនឃើញមានការបង្ក្រាប បើទោះបីជាមានរោងម៉ាស៊ីនអារឈើកំពុងធ្វើសកម្មភាពជាចំហរ នៅតាមបណ្តោយស្ទឹងជំនីក ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញនោះយ៉ាងណាក៏ដោយ ។ អាជ្ញាធរខេត្តពោធិ៍សាត់ ត្រូវប្រជាពលរដ្ឋរិះគន់ថា ជាខ្នងបង្អែក​ដ៏រឹងមាំ​ឲ្យមានបទល្មើស ហែហមដោយប្រធានមន្ទីរកសិកម្ម លោកឡាយ វិសិដ្ឋ, នាយខណ្ឌរដ្ឋបាលព្រៃឈើស្តីទី ងួន ប៊ុនណារ៉ា ជាពិសេ​ស​នាយផ្នែកសង្កាត់រដ្ឋបាលព្រៃឈើក្រវាញ លោក សួស សុផានិត និងនាយសង្កាត់រដ្ឋបាលព្រៃឈើលាច លោក ពាក្យ មនោ ។

បទល្មើស​នៃការដឹកជញ្ជូនព្រៃឈើ​នៅក្នុងស្រុកភ្នំក្រវាញ ត្រូវបានធ្វើឡើងជាចំហរ រថយន្ត​ ក៏ដូចជាគោយន្ត ដឹកឈើធ្វើសកម្មភាពដូចគោហ្វូងទាំងកណ្តាលថ្ងៃ គ្មានទើសភ្នែកអាជ្ញាធរមានសមត្ថកិច្ចបន្តិចណាឡើយ ។ ថាមន្ត្រីថ្នាក់​នាយសង្កាត់​ ឬនាយផ្នែកទៅចុះ ដែលជាអ្នកបានប្រយោជន៍ពីពួកឈ្មួញទើបពួកគេមិនបង្ក្រាប ប៉ុន្តែថ្នាក់នាយខណ្ឌ និងប្រធានមន្ទីរកសិកម្ម ក៏ធ្វើមិនដឹង មិនឮក្នុងរឿងនេះដែរ ។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ក៏នៅតែធ្វើមិនដឹងមិនឮដែរ ។ ការធ្វើមិនដឹងមិនឮរបស់ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ នាំឲ្យប្រជាពលរដ្ឋ ដាក់ការសង្ស័យថា អាជ្ញាធរខេត្ត មានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ទើបានជាមិនបញ្ជាឲ្យសមត្ថកិច្ចជំនាញ​បង្ក្រាប ។

ទឹកដីស្រុកភ្នំក្រវាញ មូលដ្ឋាននៃការប្រព្រឹត្តបទល្មើសធំជាងគេ ក្រោមក្រសែភ្នែកលោកសួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើ និងលោកពាក្យ មនោ នាយសង្កាត់លាច ។ អ្វីដែលពិសេសគឺពួកឈ្មួញអ្នករកស៊ីដឹកឈើតាមគោយន្តកែច្នៃ​ត្រូវតែទូរស័ព្ទប្រាប់លោកទាំងពីរ ទើបអាច ដឹកជញ្ជូនឈើបាន ។ ការដែលគ្រាន់តែទូរស័ព្ទសុំការអនុញ្ញាត គឺអាចថា គ្រប់គ្រាន់ ប៉ុន្តែ​លោកក្រោយគឺត្រូវតែសរុបចំនួនជើងដែលបានដឹកចេញ បើមិនដូច្នោះទេ មិនអាចរកស៊ីជាមួយគ្នាបានឡើយ ។ នេះគឺ​ជាអ្វីដែលជាលក្ខខណ្ឌរបស់លោកសួស សុផានិត ក៏ដូចជាលោកពាក្យ មនោ ។ រីឯថ្នាក់ដឹកនាំឯណោះវិញ គឺ​លោកនាយខណ្ឌរដ្ឋបាលស្តីទី ងួន ប៊ុនណារ៉ា ក៏ដូចជា លោក​ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាំតែទទួលផលប្រយោជន៍​លាភសក្ការពីមន្ត្រីក្រោមឱវាទផ្តល់ឲ្យតែប៉ុណ្ណោះ ៕

 


ចែករំលែក៖