ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើតំបន់ជម្រកសត្វព្រៃស្រែពកកើតមានយ៉ាងគគ្រឹកគគ្រេង

​ប្រភពពី​ប្រជា​សហគមន៍​នៅក្នុង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ថ្មីៗ​នេះ​មាន​សមត្ថកិច្ច​២​នាក់​ ដែលមាន​តួនាទី​ការពារ​នៅ​ប៉ុស្ដិ៍​ច្រករបៀង​ក្បាលដំរី ស្រុក​ពេ​ជ្រា​ដា កំពុង​ឃុបឃិត​ឲ្យ​ជនជាតិ​វៀតណាម​ចូលមក​កាប់​ឈើ​ក្នុង​ទឹកដី​ខ្មែរ​តាម​ព្រំដែន​យ៉ាង​គឃ្លើន​។ ប្រជា​សហគមន៍​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្តមណ្ឌលគិរី ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​បទល្មើស​កាប់​ឈើ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​តទៅទៀត​។ ដោយហេតុថា បទល្មើស​កាប់​ឈើ​នៅ​ចំណុច​ច្រក​ក្បាលដំរី​នាពេលនេះ មិន​ចាញ់​បទល្មើស​ដែល​កើតឡើង​នៅ​តំបន់​អូរ​ហ៊ុ​ច កាលពីដើមឆ្នាំ​២០១៧​នោះឡើយ​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ទាំង​២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​កាប់​ឈើ​នៅ​ចំណុច​ក្បាលដំរី​នោះ ទី​១​មានឈ្មោះ មុន ភី​នី ជា​មេ​ប៉ុស្ដិ៍​ស្ដីទី​នគរបាល​ការពារ​ព្រំដែន​ក្បាលដំរី និង​ទី​២​ឈ្មោះ កែវ សុ​ភ័​ក្រ មាន​តួនាទី​ជា​មេបញ្ជាការ​កងអនុសេនាតូច​លេខ​១​។ សមត្ថកិច្ច​ទាំង​២​នាក់​នេះ​បាន​ឃុបឃិត​បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម​ចូលមក​កាប់​ឈើ​នៅ​ចំណុច​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ហើយ​ដឹកចេញទៅ​ប្រទេសវៀតណាម​តាម​ច្រករបៀង​ក្បាលដំរី​ជា​ញឹកញាប់​ដោយ​មិនឃើញ​មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ សូម្បីតែ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដែលមានលោកព្រំ សុវណ្ណា ជានាយកដែនជម្រកសត្វព្រៃស្រែពក ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​សមត្ថកិច្ច​ទាំង​២​នាក់​ខាងលើ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ក្នុងខណៈដែល​ព្រៃឈើ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​។

NKD-36x6_outline

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​តូចតាច​នៅ​ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា​កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១៧ លោក មុន ភី​នី និង​លោក កែវ សុ​ភ័​ក្រ បាន​បើកដៃ​ឲ្យ​ជនជាតិ​វៀតណាមចូលមក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញចំនួន​២​រថយន្ត​កែច្នៃ ហើយ​នៅសល់​ឈើ​ហ៊ុ​ប​ចំនួន​១៥​ដើម​សម្រាប់​ត្រៀម​ដឹក​ចេញ​បន្តទៀត​។ ប្រការ​នេះហើយ​ដែល​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត​មណ្ឌលគិរី ក៏ដូចជា​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​បទល្មើស​កាប់​ឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដឹកជញ្ជូន​ទៅវៀតណាម​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​តទៅទៀត​៕