ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើស​កាប់ឈើ​កំពុងកក្រើកខ្លាំងនៅដែនជម្រកសត្វស្រែពក

គេរាយការណ៍ថា សកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើតមានយ៉ាងសកម្ម​នៅក្នុងដែនជម្រកសត្វស្រែពក ខេត្តមណ្ឌលគិរី។ អាជ្ញាធរពាក់ព័ន្ធរួមទាំងនាយកដែនជម្រកសត្វស្រែពកត្រូវគេអះអាងថា កំពុង​សោយសុខ​យ៉ាង​សប្បាយរីករាយ។ ប្រភពបានបន្ថែមថា ឈ្មួញ​ខ្មែរ និងវៀតណាមបាននិងកំពុង​ធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងក្នុងការដឹកជញ្ជូនឈើ​ចេញពីតំបន់​ជម្រកសត្វស្រែពក។

NKD-36x6_outline

ប្រភពពី​សមត្ថកិច្ច​ប្រចាំតំបន់នោះបានឲ្យដឹងថា ចាប់ពីពិធីបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ សកម្មភាពកាប់និងដឹកជញ្ជូនឈើ​បានកើតឡើងយ៉ាងសកម្ម មានទាំងក្រុមហ៊ុនស្របច្បាប់ និងការលួចកាប់អនាធិបតេយ្យ។ គេឃើញមានមន្ត្រី​ដែនជម្រកសត្វស្រែពកបានចុះពិនិត្យដល់ទីកន្លែងនៃការកាប់បំផ្លាញព្រៃឈើនោះដែរ ប៉ុន្តែ​ហាក់មិនមានប្រតិកម្មអ្វីជា​ដុំកំភួននោះឡើយ។ ប្រភពបានបន្ថែមថា សកម្មភាពកាប់បំផ្លាញព្រៃឈើដែលកក្រើកឡើងនោះ ហាក់ដូចជាមានការ​បើកដៃពី​អាជ្ញាធរមានសមត្ថកិច្ច ពិសេស​មេដឹកនាំ​ដែនជម្រកសត្វស្រែពកនោះតែម្តង។ ករណីនេះ ត្រូវគេពិព័រណ៌នាថា មានទំហំនិងទ្រង់ទ្រាយប្រហាក់ប្រហែល​នឹងបទល្មើសនៅតំបន់អូរហ៊ុច ក្នុងខេត្តមណ្ឌលគិរី​កាលពីលើកមុននោះដែរ។

បើតាមប្រភពពីមន្ត្រី​មានសមត្ថកិច្ចខេត្តមណ្ឌលគិរីអះអាងថា សកម្មភាពនៃការកាប់បំផ្លាញ និងដឹកជញ្ជូនឈើនៅតំបន់​ដែនជម្រកសត្វស្រែពក វាជាប្រព័ន្ធដែល​ថ្នាក់ដឹកនាំខេត្ត​ និងស្ថាប័នជំនាញ​ជាអ្នក​បិទភ្នែក។ រីឯអ្នកដែលទទួលបានប្រយោជន៍ច្រើនជាងគេគឺនាយកដែនជម្រកសត្វស្រែពក ដែលស្ថិតនៅក្រោមឱវាទរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនោះតែម្តង៕