ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃស្រែពកកើតមានយ៉ាងគគ្រឹកគគ្រេង

គេរាយការណ៍ថា សកម្មភាពនៃការកាប់និងដឹកជញ្ជូនឈើនៅតំបន់ដែនជម្រកសត្វព្រៃស្រែពក បានកើតមានយ៉ាងគគ្រឹកគគ្រេងមិនចាញ់ករណីនៅតំបន់អូរហ៊ុចកាលពីអតីតកាលនោះឡើយ។ មន្ត្រីមានសមត្ថកិច្ច រួមទាំងនាយកដែនជម្រកសត្វព្រៃស្រែពកផងមិនខ្វល់អំពល់នឹងបទល្មើសនោះឡើយ គឺគិតតែលូកដៃយកលុយពីឈ្មួញដឹកឈើដែលមានទាំងជនជាតិវៀតណាមនោះតែប៉ុណ្ណោះ។

បទល្មើសនៃការដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមបានធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃដោយបើកចំហរ។ អាជ្ញាធរមានទាំងកងកម្លាំងប្រដាប់អាវុធ ទាហានប៉ូលិស សុទ្ធតែបានផលប្រយោជន៍ពីបទល្មើសព្រៃឈើ គ្រាន់តែថា បានតិច ឬច្រើនតែប៉ុណ្ណោះ។ ប្រភពរាយការណ៍ថា អ្នកដែលបានផលប្រយោជន៍ច្រើនជាងគេពីបទល្មើសព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃស្រែពកច្រើនជាងគេនោះគឺលោកព្រំ សុវណ្ណា នាយកដែនជម្រកសត្វព្រៃស្រែពក និងលោកកែវ សុភ័គ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ លោកកែវ សុភ័គ មានឈ្មោះនៅក្នុងចំណោមមន្ត្រីធំៗនៅខេត្តមណ្ឌលគិរី១១នាក់ ពាក់ព័ន្ធនឹងបញ្ហាបទល្មើសព្រៃឈើនៅតំបន់អូរហ៊ុច ប៉ុន្តែនៅគ្រាដែលស្ថាប័នផ្សេងបានដកតំណែងប្រធានស្ថាប័ននៅក្នុងខេត្តនេះរួចហើយនោះ គេមិនទាន់ឃើញក្រសួងបរិស្ថានចាត់វិធានការលើលោកកែវ សុភ័គនោះឡើយ។

NKD-36x6_outline

គេខ្សឹបថា បទល្មើសនៅតំបន់ស្រែពកបានកើតឡើងទ្រង់ទ្រាយធំក្នុងរយៈពេលចុងក្រោយនេះ។ ប៉ុន្តែម្នាក់ៗ ទាំងស្ថាប័នជំនាញ និងសមត្ថកិច្ចផ្សេងៗហាក់ដូចជាមិនខ្វល់ចំពោះការទប់ស្កាត់បទល្មើសនោះឡើយ ផ្ទុយទៅវិញគិតតែពីផលប្រយោជន៍បុគ្គល គឺប្រមូលយកលុយឲ្យខាងតែបានរៀងៗខ្លួន។ គេនិយាយថា ប្រសិនបើគ្មានការទប់ស្កាត់ទាន់ពេលវេលាទេ ព្រៃឈើនៅតំបន់អភិរក្សស្រែពកក្រោមការគ្រប់គ្រងរបស់លោកព្រំ សុវណ្ណា នឹងរលាយក្នុងពេលឆាប់ៗ៕