ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ខ្សឹបដាក់ត្រចៀក៖ ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខណ្ឌទួលគោកបង្ក្រាបបនល្បែងចាក់កន្ទុយលេខមានទីតាំងដ៏ច្រើនក្នុងសង្កាត់ផ្សារដេប៉ូ៣ផង

ទីតាំងកត់កន្ទុយឆ្នោតវៀតណាម បានរីកដូចផ្សឹតឡើងវិញហើយ ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ដែលមកទល់នឹងពេលនេះ បនល្បែងទាំងនោះបានបើកឡើងវិញ ប្រមាណជា៣សប្តាហ៍មកហើយ ។

ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់សំណូមពរឲ្យអាជ្ញាធរខណ្ឌទួលគោកមេត្តាចុះពិនិត្យឡើងវិញ ក៏ដូចជាមានវិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព ខណៈទីតាំងបនល្បែងកន្ទុយឆ្នោតវៀតណាមទាំងនេះ សុទ្ធតែជាទីតាំងដែលអាជ្ញាធរខណ្ឌចុះបង្ក្រាបម្តងរួចមកហើយ ប៉ុន្តែបច្ចុប្បន្នពួកគេបានដំណើរការឡើងវិញ ប្រកបអាជីវកម្មយ៉ាងសុខស្រួល បន្ទាប់ពីចៅសង្កាត់ ក៏ដូចជាមេប៉ុស្តិ៍ផ្សារដេប៉ូ៣ បានក្លាយទៅជាមនុស្សដ៏ស្និទ្ធស្នាលជាមួយនឹងមេបនល្បែងទាំងនោះទៅហើយ ។

ប្រជាពលរដ្ឋបានបន្តថា ពួកគាត់ត្រូវពឹងលើស្អី ទៅលើអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន បើនៅតែញៀនទទួលប្រយោជន៍ពីទីតាំងបនល្បែងទាំងនោះ ម្យ៉ាងវិញទៀតគណៈបញ្ជាការឯកភាពដឹកនាំកម្លាំងចុះចាប់ម្តងមកហើយ និងមានកិច្ចសន្យាបញ្ឈប់សកម្មភាពកត់កន្ទុយឆ្នោតអត់ច្បាប់នេះ ផ្ទុយទៅវិញ អាជ្ញាធរសង្កាត់ និងមេប៉ុស្តិ៍បន្តអនុញ្ញាតឲ្យក្រុមបនល្បែងបើកដដែល និងស្ថិតនៅទីតាំងដដែលៗគ្រប់ទីកន្លែង ។

ពីមុនក្រុមបនល្បែងទាំងនេះ មានលក្ខណៈខ្លាចរអារ លួចកត់ឆ្នោតវៀតណាម តែដាក់ផ្លាកឆ្នោតខ្មែរមានច្បាប់បន្លំ ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ ពួកគេលក់ឆ្នោតវៀតណាមដោយចំហរ សងសងលុយទាំងការុងៗនៅទីនោះផងដែរ ដូច្នេះពួកគាត់ជាប្រជាពលរដ្ឋឆ្ងល់ថា សមត្ថភាពអាជ្ញាធរ សង្កាត់ និងប៉ុស្តិ៍ផ្សារដេប៉ូ៣ មានការយកចិត្តទុកដាក់ គិតគូរ ប្រជាពលរដ្ឋក្នុងមូលដ្ឋានកម្រិតណា បើគ្រាន់តែ​សមត្ថភាពត្រឹមទីតាំងបនល្បែងខុសច្បាប់មិនហ៊ានបង្ក្រាប ឬនិយាយបានថា ពាក់ព័ន្ធនឹងលាភសក្ការនោះទៅហើយ តើប្រជាពលរដ្ឋសង្ឃឹមលើអ្វី សម្រាប់ការពារពួកគាត់តំណាងឲ្យពួកគាត់ ទៅលើវិធានការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងមូលដ្ឋាននោះ? ពីព្រោះថា គោលនយោបាយឃុំ សង្កាត់មានសុវត្ថិភាពត្រូវបានពួកគាត់បោះបង់ទៅកៀនជញ្ជាំង មិនព្រមយកមកអនុវត្ត តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បែរជាយកចិត្តទុកដាក់ទៅវិញ រឿងឲ្យឈ្មួញបើកបនល្បែងកន្ទុយលេខ ដើម្បីទាញយកប្រយោជន៍លាភសក្ការបន្តិចបន្តួច និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ពិសេសបនល្បែងទាំងនេះ គ្មានពលរដ្ឋណាចង់ឃើញ ចង់ឮនោះទេ ដោយសារតែធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនដែលគិតខ្លីញៀននឹងល្បែងចាញ់អស់ទ្រព្យសម្បត្តិ ផ្ទះសម្បែង បែកបាក់ក្រុមគ្រួសារ ក៏ដូចជាបង្កើតឲ្យមានបទល្មើស អំពើឆក់ប្លន់ លួច និងហិង្សាណាមួយក្នុងសង្គម ដូច្នេះអាជ្ញាធរខណ្ឌ គួរមានវិធានការបង្ក្រាបផង ដោយសារទីតាំងបនល្បែងទាំងនោះ សុទ្ធតែជាកន្លែងដែលអាជ្ញាធរខណ្ឌធ្លាប់បង្ក្រាប ហើយពួកគេបើកសារឡើងវិញ ទាំងកន្លែងដដែលទាំងអស់ អ្នកបើកបនល្បែងនោះក៏មុខដដែល និងមានបន្ថែមទីតាំងថ្មីៗទៀត បង្កើតឲ្យមានការព្រួយបារម្ភរបស់ប្រជាពលរដ្ឋមូលដ្ឋានជុំវិញការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ លើការងារសន្តិសុខ ក៏ដូចព្រួយបារម្ភបញ្ហាអំពើដែលកើតមានដោយបទល្មើសផ្សេងៗ ៕