ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រជាពលរដ្ឋចោទមន្ត្រីយោធា​ម្នាក់​រកស៊ីឈើ

ប្រជាពលរដ្ឋ​នៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់​ដាក់ការសង្ស័យថា លោក ទត លាស់ ជាមន្ត្រី​យោធា​នៃការិយាល័យអភិវឌ្ឍន៍ កងពលតូចអន្តរាគមន៍លេខ១៤ ខេត្តពោធិ៍សាត់ ជាប់ពាក់ព័ន្ធ​នឹងរបររកស៊ីឈើខុសច្បាប់ ។ នៅក្រោយផ្ទះរបស់មន្ត្រីយោធារូបនេះ​មានគំនរឈើជាច្រើន ជាពិសេស​ឈើ ដែលច្បាប់ហាមឃាត់​ក្នុងការកាប់និងដឹកជញ្ជូន ។ មិនតែប៉ុណ្ណោះ គេសង្ស័យថា ការដឹកជញ្ជូនឈើតូចៗ អាចមានលាក់បង្កប់​ឈើប្រណីតទៀតផង ។

ប្រភពរាយការណ៍ថា គំនរឈើ​ដែលជាប្រភេទឈើតូចៗ មានទំហំចាប់​ពី១តឹកឡើងទៅ គរជាច្រើនគំនរ​នៅក្រោយ​ផ្ទះ​មន្ត្រីយោធា ទត លាស់ ស្ថិតក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ដែលសម្រាប់នាំទៅលក់ចែកចាយ​តាមដេប៉ូនានា ម្តុំខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាប្រភេទកូនឈើ​ដែលច្បាប់​ហាមដាច់ខាតមិនឲ្យមានការកាប់បំផ្លាញ ។ មិនតែប៉ុណ្ណោះ គេសង្ស័យថា ក្រៅពីការដឹកជញ្ជូនឈើតូចៗទាំងនោះ ក៏មាន​ការលួចបន្លំដឹកឈើ​ប្រណីតផងដែរ ។ ឈើតូចៗទាំងនោះ​ត្រូវគេដឹកយកមកសម្រាប់​លក់នៅតាមដេប៉ូនានា ជាយរាជធានីភ្នំពេញ ។

ប្រភពអះអាងថា ការដែលលោក ទត លាស់ អាចធ្វើសកម្មភាពរកស៊ីខុសច្បាប់បែបនេះទៅបាន ដោយមានការឃុបឃិត​ជាមួយលោក ឥន្ទ ចាន់ហេ នាយសង្កាត់រដ្ឋបាលព្រៃឈើព្រងិល ។ ពួកមន្ត្រីព្រៃឈើទាំងនេះ​មិនដែលខ្វល់ពីការរលំរលាយ​ចំពោះធនធានធម្មជាតិព្រៃឈើនោះឡើយ ។ ជាក់ស្តែង គំនរឈើ​នៅក្រោយផ្ទះមន្ត្រីយោធា ទត លាស់ គឺជាភស្តុតាងបង្ហាញឲ្យឃើញថា សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើ ទាំងតូច នៅខ្ចី កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ក្រោមក្រសែភ្នែកមន្ត្រីជំនាញ​នៅស្រុកភ្នំក្រវាញ់ ៕