ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ដ​ស្ទឹងច្រាល ចោទ​មន្ត្រី​ផាកពិន័យ​របស់​ក្រសួង​សាធារណៈការ​ម្នាក់ ធ្វើការ​២​កន្លែង​

 

ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ដែលមាន​ទីតាំង​នៅក្នុង​ឃុំ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីពេល​ថ្មីៗ​នេះ បាន​ចោទ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថា បាន​ទុក​ឱកាស​ឲ្យ​មន្ត្រី​ផាកពិន័យ​ម្នាក់ ធ្វើការ​ដល់​ទៅ​២​កន្លែង។​

​ប្រភពខ្សឹបថា លោក សុខ សារឿន បាន​ថ្លែងថា លោក ប៊ី សំណាង ត្រូវបាន​ក្រសួង​បញ្ជូនមក​ឲ្យ​បំពេញការងារ​នៅ​ស្ថានីយ៍​ដែល​លោក​គ្រប់គ្រង​ផង និង​ស្ថានីយ៍ថ្លឹង​រថយន្ត​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ផង ដែល​វា​គឺជា​រឿង​មិន​ប្រក្រតី​។

ការទម្លាយ​រឿង​ដ៏ចម្រូងចម្រាស​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ស្ថានីយ​ថ្លឹង​រថយន្ត​ស្ទឹងច្រាល បាន​រង​ការរិះគន់​ជា​បន្តបន្ទាប់ ដែលថា ក្រុមមន្ត្រី​បាន​ជម្រិត​ទារលុយ​ពី​រថយន្ត​ផ្ទុក​លើស​ទម្ងន់​បន្តិចបន្តួច​ដែល​ច្បាប់​បាន​អនុគ្រោះ​ ហើយ​ថែម​លើ​នេះ រថយន្ត​ខ្លះ​ត្រូវបាន​គេ​ទារលុយ មុន​ចូល​ថ្លឹង ដែល​វា​ត្រូវបាន​ពលរដ្ឋ​ចោទថា ជា​ក្រុម​កុងត្រូលជជុះ​ ។

NKD-36x6_outline

​លោក សុខ សារឿន បាន​ថ្លែងថា រថយន្ត​ដែល​ដឹក​លើស​ក្រោម​៤​តោន តាម​ភាពជាក់ស្ដែង​អាច​ត្រូវបាន​អនុគ្រោះ​, ប៉ុន្តែ​ពុំ​ដូច្នោះ​ទេ បែរជា​លោក ប៊ី សំណាង កៀប​យកលុយ​មិន​ប្រណី ដែល​វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ​។​

ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​លោក ប៊ី សំណាង បាន​ហៅ​ការលើកឡើង​របស់លោក សុខ សារឿន ថា ជាការ​មួលបង្កាច់​។ ចំណែក​ពាក់ព័ន្ធ​ដល់​ការយក​លុយ​ពី​រថយន្ត​ដឹក​លើស​ទម្ងន់​តិចតួច​វិញ លោក​បញ្ជាក់ថា គឺ​ត្រូវតែ​ផាកពិន័យ​សូម្បី​១​គីឡូក្រាម​, ចំណែក​ការដឹក​លើស​ដល់ ៣​តោន បើទោះបីជា​ក្រសួង​មិន​ឲ្យ​ផាកពិន័យ​ក្ដី​, តែ​ពលរដ្ឋ​ត្រូវតែ​បង់​ឲ្យ​ជញ្ជីង​ ព្រោះ​សម្រាប់​ថ្លៃ​បាយ​របស់​ក្រុមមន្ត្រី​ ៕