ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរការងារខេត្តពោធិ៍សាត់ជិះសេះលែងដៃហើយ

រឿងអាស្រូវពុករលួយរបស់លោក លី សុភា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តពោធិ៍សាត់ត្រូវបានបើកកកាយជាបន្តបន្ទាប់ ប៉ុន្តែរហូតមកដល់ពេលនេះ អត់មាននរណាហ៊ានប៉ះពាល់លោក លី សុភា នៅឡើយទេ។

ឥឡូវនេះលោក លី សុភា កំពុងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងដោយសារអាងមានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ជាខ្នងបង្អែកដ៏រឹងមាំ។

ចំណែកលោក អុិត សំហេង ដែលជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ មិនហ៊ានប៉ះពាល់លោក លី សុភា ឡើយបើទោះបីរឿងអាស្រូវពុករលួយរបស់លោក លី សុភា ត្រូវបានបើកកកាយក៏ដោយ ។

មន្ត្រីនៅក្នុងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់បានអំពាវនាវ ឲ្យលោក អុិត សំហេង ពិនិត្យនិងគិតគូរលុបបំបាត់អំពើពុករលួយនៅក្នុងមន្ទីរការងារខេត្តពោធិ៍សាត់ខ្លះផង។ ដោយហេតុថាចាប់តាំងពីអំឡុងឆ្នាំ២០១៣ រហូតមកដល់ ពេលនេះលោក លី សុភា ដែលជាប្រធានមន្ទីរបានឃុបឃិតជាមួយលោក ពិជ ពន់វិចិត្រ ប្រធានការិយាល័យហិរញ្ញវត្ថុកេងប្រវ័ញ្ចថវិការដ្ឋមិនតិចជាង១.០០០លានរៀលនោះទេ ។

NKD-36x6_outline

មានសេចក្តីរាយការណ៍ថា កាលពីឆ្នាំ២០១៣លោក លី សុភា និងលោក ពិជ ពន់វិចិត្រ ត្រូវរ៉ូវគ្នាក្នុងការកិបកេងថវិការដ្ឋជាច្រើននៅក្នុងជំពូកផ្សេងៗដែលក្នុងនោះមានទាំងថវិកាសម្រាប់ទិញសម្ភារបរិក្ខារបច្ចេកទេស និងថវិកាទិញគ្រឿងសង្ហារិម សម្រាប់មន្ទីរជាដើម។ មន្ត្រីតូចតាចក្នុងមន្ទីរការងារខេត្តពោធិ៍សាត់បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៣រហូតដល់ពេលនេះលោក លី សុភា និងបក្ខពួកឃុបឃិតគ្នាកេងប្រវ័ញ្ច ថវិការដ្ឋអស់រហូតរាប់ពាន់លានរៀលទៅហើយគ្មាននរណាហ៊ានក្អកជាមួយទេ។

ប្រការដែលលោក លី សុភា ប្រើអំណាចប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយមយ៉ាង គឃ្លើនគឺដោយសារអាងមានខ្នងបង្អែងរឹងមាំចាំជួយការពារគ្រប់ពេលវេលានិងមាន ការផ្តល់ផលប្រយោជន៍ឲ្យមន្ត្រីធំៗទាំងនោះមួយផ្នែកផងដែរ។ ហេតុនេះហើយទើប លោក លី សុភា និងប្រធានគណនេយ្យព្រមទាំងបក្ខពួក មួយក្តាប់តូចឃុបឃិតគ្នាកេងប្រវ័ញ្ចលើការចំណាយរបស់មន្ទីរសម្រាប់ជំពូកជាច្រើនដោយគ្មានញញើតអ្វីទាំង អស់។ ហេតុនេះហើយទើបមានការជំរុញឲ្យលោក អុិត សំហេង គួរពិនិត្យមើលទង្វើ របស់លោក លី សុភា ប្រធានមន្ទីរការងារខេត្តពោធិ៍សាត់ឡើងវិញខ្លះផងបើទោះ បីលោក លី សុភា មានខ្នងបង្អែករឹងមាំយ៉ាងណាក៏ដោយ ៕