ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសាធារណការខត្តរតនគិរីពុករលួយ

​​រឿងអាស្រូវ​ពុករលួយ​របស់លោក ស៊ុន ប៉ូ​លីន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តរតនគិរីត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ដើម្បី​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ដឹងឮ​ហើយ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ហើយ​ទុក​ឲ្យ​លោក ស៊ុន ប៉ូ​លីន ប្រធាន​មន្ទីរ​សាធារណការ​ខេត្តរតនគិរី ប្រព្រឹត្ត​អំពើពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តរតនគិរី មួយចំនួន​បាន​ឲ្យ​ដឹងថា លោក ស៊ុន ប៉ូ​លីន អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្រសួង​សាធារណការ ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ក្រោម​ការដឹកនាំ​របស់​លោក ស៊ុន ប៉ូ​លីន គឺ​កើតមាន​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក ហើយ​មានការ​ធូររលុង​ក្នុងការ​ស្ថាបនា​ផ្លូវ​និង​ជួសជុល​ផ្លូវ​នៅក្នុង​ខេត្ត​ទាំងមូល ព្រោះ​ផ្លូវ​ខ្លះ​ត្រូវ​ស្ថាបនា​និង​ជួសជុល​មិនបាន​ប៉ុន្មាន​ខែ​ផង​ក៏​ខូច​ទៅវិញ​។ ការដែល​ផ្លូវ​ដែល​ស្ថាបនា​និង​ជួសជុល​រួច​ត្រូវ​ខូច​ទៅវិញ​ក្នុងពេល​ដ៏​ខ្លី ត្រូវគេ​ដឹងថា​ដោយសារតែ​ស្ថាបនា​និង​ជួសជុល​ផ្លូវ​ទាំងនោះ​ធ្វើ​មិន​ត្រឹមត្រូវ​ទៅតាម​បទដ្ឋាន​បច្ចេកទេស គឺ​ធ្វើ​របៀប​ចាក់​ស្ដើង​ស៊ី​ក្រាស់​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​ក្រសួង​សាធារណការ​ទម្លាក់​ថវិកា​រាប់ពាន់​លាន​រៀល​សម្រាប់​មន្ទីរ​សាធារណការ​ខេត្តរតនគិរី ស្ថាបនា​ផ្លូវ​និង​ជួសជុល​ផ្លូវ​ឡើងវិញ​ក៏ដោយ ក៏​ជាក់ស្ដែង​ផ្លូវ​ជាច្រើន​ខ្សែ​នៅក្នុង​ក្រុង​បាន​លុង និង​តាម​បណ្ដា​ស្រុក​នានា​នៅតែ​រង​ការខូចខាត​ជា​បន្តបន្ទាប់ ហើយ​គម្រោង​ខ្លះ​ធ្វើ​យឺត​ដូច​កៅស៊ូ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ស៊ុន ប៉ូ​លីន បាន​ឲ្យ​ដឹងថា ថវិកា​រាប់ពាន់​លាន​រៀល​ត្រូវបាន​បង្វិល​ចូលទៅក្នុង​គណនេយ្យ​រប​ស់លោក ស៊ុន ប៉ូ​លីន តែម្តង​ហើយ​លោក ស៊ុន ប៉ូ​លីន ចាត់ចែង​តាម​អំពើ​ចិត្ត​របស់ខ្លួន​។ លើស​នេះ​ទៅទៀត​លោក ស៊ុន ប៉ូ​លីន យក​មនុស្ស​ផ្សេង​ពី​ខាងក្រៅ​មក​ប្រើ​ជំនួស​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ដែល​បានធ្វើ​ការងារ​បម្រើ​ប្រទេសជាតិ​រាប់សិប​ឆ្នាំ​មកហើយ ដែល​បញ្ហា​នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ មិនគួរ​ទុក​ឲ្យ​លោក ស៊ុន ប៉ូ​លីន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ​។ ប្រភពពី​មន្ត្រី​មន្ទីរ​សាធារណការ​ខេត្តរតនគិរី បាន​ឲ្យ​ដឹង​ទៀតថា លោក ស៊ុន ប៉ូ​លីន មិន​ខ្វល់​រឿង​ចាត់វិធានការ​ទប់ស្កាត់​រថយន្ត​ដឹកទំនិញ​ឬ​ដឹកឈើ​លើស​ចំណុះ​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ក្នុង​ខេត្តរតនគិរី នោះទេ​គឺ​គិតតែ​ពី​រឿង​ឃុបឃិត​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​ ៕