ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ខ្សឹបដាក់ត្រចៀក៖ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ កាន់តែ​ល្បីខាង​ប្រព្រឹត្ត​អំពើពុករលួយ​

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ជូ កុល្លា ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ធំ រហូតមកដល់​ពេលនេះ​គឺ​លោក ជូ កុល្លា បាន​ប្រើ​វិធី​ពង្រឹង​បណ្ដាញ​ពុករលួយ​ជា​ប្រព័ន្ធ​យ៉ាងរឹងមាំ​។ រាល់​ចំណូល​ចំណាយ​សម្រាប់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ធំ គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក ជូ កុល្លា និង​បក្ខពួក​ទាំងស្រុង​តែម្តង​ហើយ​រាល់​គម្រោង​ចំណាយ​ផ្សេងៗ​របស់​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ សុទ្ធ​តែមាន​បញ្ហា​មិន​ប្រក្រតី​។

​រឿងអាស្រូវ​តាមច្រើន​រូបភាព​របស់​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ ព្រមទាំង​បក្ខពួក​ត្រូវបាន​មន្ត្រីរាជការ​ក្នុង​មន្ទីរ​នេះ​បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានដឹង​ហើយ​ចាត់វិធានការ​ទប់ស្កាត់​ទាន់ពេលវេលា​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ស៊ុន ចាន់ថុល បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ដែលជា​ហេតុ​ធ្វើ​ឲ្យ​លោក ជូ កុល្លា កាន់តែ​បានចិត្ត​ហើយ​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។ តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៃ​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា គម្រោង​ជួសជុល​ផ្លូវ ថែទាំ​ផ្លូវ និង​ស្ថាបនា​ផ្លូវ​ក្នុង​ខេត្តកំពង់ធំ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ជូ កុល្លា និង​បក្ខពួក ហើយ​ថវិការដ្ឋ​រាប់រយ​លាន​រៀល​ត្រូវបាន​កេងប្រវ័ញ្ច​ជា​បន្តបន្ទាប់​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ការដែល​លោក ជូ កុល្លា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ឪពុកក្មេក​របស់ខ្លួន​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួងការពារជាតិ ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​។ ដោយសារ​អាង​មាន​ឪពុកក្មេកជា​បង្អែក​យ៉ាងរឹងមាំ​នោះ​ហើយ​ទើប​លោក ជូ កុល្លា ហ៊ាន​ផ្គើន​ដាក់​មន្ត្រី​ធំៗ​ក្នុង​ខេត្តកំពង់ធំ យ៉ាង​គឃ្លើន​បំផុត​ដែល​ក្នុងនោះ​មាន​ទាំង​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ផងដែរ​។ មជ្ឈដ្ឋាន​ខ្លះ​សង្ស័យថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គឺជា​បង្អែក​របស់លោក ជូ កុល្លា ទើប​បណ្ដោយ​ឲ្យ​លោក ជូ កុល្លា ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​ ៕