ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់រងការរិះគន់ថាបំពេញការងារមិនត្រឹមត្រូវ

លោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោ ដីខេត្តពោធិ៍សាត់ត្រូវបានមន្រ្តីក្រោមឱវាទរិះគន់ថា បំពេញការងារមិនត្រឹមត្រូវ។ ប្រភពដដែលបានបញ្ជាក់ថា បញ្ហាបក្ខពួកនិយម និងអំពើពុករលួយកំពុងមានស្ថាន ភាពកាន់តែធ្ងន់ធ្ងរនៅក្រោមការដឹកនាំរបស់លោក លៀម ប៊ុនរឿន មួយរយៈកន្លង ទៅនេះ ។

ប្រភពព័ត៌មានខាងលើនេះបានបញ្ជាក់ថា ជាធម្មតាការងារនៅក្នុងមន្ទីរសុរិយោដីខេត្តពោធិ៍សាត់មានច្រើនតែក្នុងចំណោមការងារទាំងនោះមានខ្លះរកប្រាក់បានក្រៅនិង ខ្លះទៀតមិនអាចរកប្រាក់ក្រៅបានឡើយ។ ដូចនេះលោក លៀម ប៊ុនរឿន តែងតែរុញការងារណាដែលគ្មានប្រាក់ឲ្យអ្នកផ្សេងធ្វើ ហើយការងារណាដែលអាចរកប្រាក់ក្រៅបានឲ្យទៅបក្ខពួករបស់ខ្លួនដែលបញ្ហានេះជាការឃុបឃិតខុសនីតិវិធី ។

ទន្ទឹមនឹងការប្រកាន់បក្ខពួកការចំណាយមិនប្រក្រតីនៅក្នុងមន្ទីរជំនាញរបស់រដ្ឋ ខាងលើនេះគេដឹងថា មានរឿងមិនប្រក្រតីយ៉ាងច្រើនផងដែរ។ មន្រ្តីរាជការបម្រើការងារនៅមន្ទីរសុរិយោដីខេត្តពោធិ៍សាត់បានបង្ហើបថា មានការឃុបឃិតរវាងមន្រ្តី ហិរញ្ញវត្ថុនឹងលោក លៀម ប៊ុនរឿន លើការចំណាយថវិការបស់មន្ទីរដែលបញ្ហានេះ បានធ្វើឲ្យបាត់បង់ថវិកាជាតិ ហើយមិនបានប្រើប្រាស់ដើម្បីផលប្រយោជន៍រួមឡើយ។

មន្រ្តីរាជការបម្រើការងារនៅមន្ទីរសុរិយោដីខេត្តពោធិ៍សាត់បានបង្ហើបថា លោកលៀម ប៊ុនរឿន បានប្រកាន់បក្ខពួកនៅក្នុងមន្ទីរសុរិយាដីខេត្តពោធិ៍សាត់ ហើយបញ្ហាទាំងនេះកំពុងតែធ្វើឲ្យមានការបែកបាក់សាមគ្គីរវាងមន្រ្តីរាជការដែលបម្រើការងារនៅក្នុងស្ថាប័នរដ្ឋជាមួយគ្នា។ ដូចនេះទំនាស់ផលប្រយោជន៍កំពុងតែធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារនៅក្នុងមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ដែលទាមទារឲ្យមន្រ្តីជាន់ ខ្ពស់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម គប្បីត្រួតពិនិត្យរឿងមិនប្រក្រតីនិងទប់ស្កាត់ឲ្យមានប្រសិទ្ធភាពផង ៕