ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រាក់ អ៊ីឡេងកំពុងកាក់កបយ៉ាងខ្លាំងនឹងបទល្មើសក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

នៅខេត្តពោធិ៍សាត់ ក្នុងចំណោមមន្ត្រីជំនាញបរិស្ថាន នរណាក៏ស្គាល់លោកប្រាក់ អ៊ីឡេង ប្រធានក្រុមល្បាតពិសេសនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ប្រចាំការនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នោះដែរ។ ភាពល្បីល្បាញរបស់លោកប្រាក់ អ៊ីឡេង នៅក្នុងចំណោមអ្នករកស៊ីដឹកជញ្ជូនឈើប្រណីតចេញពីតំបន់ដែនជម្រកសត្វព្រៃក៏ខ្លាំងក្លាណាស់ដែរ។ លោកអាចរកលុយបានរាប់សិបលានរៀលក្នុងមួយថ្ងៃពីបទល្មើសព្រៃឈើដែលដឹកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់។

គេរាយការណ៍ថា រថយន្តកែច្នៃមួយគ្រឿងមុននឹងចេញផុតពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ត្រូវបង់លុយឲ្យលោកប្រាក់ អ៊ីឡេង ៦០ម៉ឺនរៀល។ ក្រុមមន្ត្រីបរិស្ថានដែលឈរជើងនៅស្នាក់ការរងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់និយាយថា ករណីលោកប្រាក់ អ៊ីឡេងយកលុយពីឈ្មួញដឹកឈើមិនស្ថិតនៅក្នុងដែនសមត្ថកិច្ចបរិស្ថាននោះទេ ប៉ុន្តែលោកយកប្រាក់ក្នុងផលប្រយោជន៍រវាងប្រធានមន្ទីរ នឹងលោក។ មានន័យថា ជាការបើកដៃឲ្យលោកប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ជាអ្នកដែលបញ្ជាឲ្យលោកប្រាក់ អ៊ីឡេង ដើរយកលុយពីរថយន្តដឹកឈើ ក៏ដូចជាគោយន្តកែច្នៃដទៃទៀត។

NKD-36x6_outline

លោកប្រាក់ អ៊ីឡេងបានដើរនិយាយអួតប្រាប់មន្ត្រីបរិស្ថានថា ពួកអ្នករកស៊ីដឹកឈើទាំងអស់ត្រូវតែទូរស័ព្ទប្រាប់ខ្លួនជាមុនៗនឹងក្បួនរថយន្តដឹកឈើចេញដំណើរ។ រថយន្តដឹកឈើ, រថយន្តកែច្នៃ, គោយន្ត គឺជាគោលដៅដ៏សំខាន់បំផុតដែលលោកប្រាក់ អ៊ីឡេងត្រូវទារប្រាក់។ រីឯចំនួនប្រាក់ដែលោកត្រូវការមិនមែនតិចតួចនោះទេ។ សម្រាប់រថយន្តកែច្នៃមួយគ្រឿងត្រូវបង់ប្រាក់៦០ម៉ឺនរៀល ឬ១៥០ដុល្លារ។ ក្រៅពីនោះដូចជាគោយន្តកែច្នៃ ក៏ត្រូវបង់ប្រាក់មិនតិចជាង៥០ម៉ឺនរៀលដែរ។

ករណីខាងលើនេះ ត្រូវគេអះអាងថា ជាការឃុបឃិតគ្នាជាប្រព័ន្ធដែលមានការបើកដៃពីលោកប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ប៉ាន់ មរកត។ លោកប៉ាន់ មរកត មិនខ្វល់ចំពោះការដែលត្រូវការពារធនធានធម្មជាតិនោះឡើយ។ ផ្ទុយទៅវិញ បែរជាឃុបឃិតឲ្យមានបទល្មើសជាថ្នូរនឹងប្រយោជន៍លុយកាក់យ៉ាងច្រើនក្រាស់ក្រែល។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក៏សម្ងំឈឹងដែរ៕