ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រាក់ អ៊ីឡេង បន្តគ្រប់គ្រងការចេញឈើ​ពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

លោកប្រាក់ អ៊ីឡេង ប្រធានក្រុមល្បាតពិសេសនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ត្រូវជាមិត្តភក្តិលោកប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ផងនោះ ត្រូវគេអះអាងថា ពេលនេះ​នៅតែបន្តគ្រប់គ្រង​ការចេញឈើពីតំបន់​ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដដែល។ ឈើ​ដែល​កាប់រួចត្រូវដឹកចេញពីតំបន់​ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ចេញទៅខេត្តកំពង់ស្ពឺ តាមរយៈក្រុមឈ្មួញធំៗ ដែលធ្លាប់រកស៊ីពីមុន ។ ឈ្មួញធំៗនៅខេត្តកំពង់ស្ពឺ បើទោះបីជា​ធ្លាប់ជាប់ពន្ធនាគារក៏ដោយ ក៏ពួកគេមិនរអាក្នុងការរកស៊ីឈើនោះដែរ។

លោកប្រាក់ អ៊ីឡេងជាអ្នកដែល​ប្រមូលបាន​ធនធានយ៉ាងច្រើនសម្បើមពីមហន្តរាយព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ ពួកឈ្មួញដឹកឈើតាមរថយន្តកែច្នៃ​ត្រូវបង់ប្រាក់២កន្លែង ទី១គឺនៅស្នាក់ការរងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងមុនចេញ​ផុតពីដែនជម្រកត្រូវបង់ឲ្យលោកប្រាក់ អ៊ីឡេង។ នៅឯស្នាក់ការរង​ត្រូវបង់ជូនលោកសិដ្ឋ ក្នុងមួយរថយន្តកែច្នៃ៦០ម៉ឺនរៀល ឬ១៥០ដុល្លារ។ នៅពេលផុត​ពីស្នាក់ការរង ត្រូវបង់ជូនលោកប្រាក់ អ៊ីឡេង មួយកន្លែងទៀត ដែលក្នុងមួយរថយន្តកែច្នៃបង់៨០ម៉ឺនរៀល ឬ២០០ដុល្លារ។ ពួកឈ្មួញនិយាយថា ប្រសិនបើមិនទាក់ទង​លោកប្រាក់ អ៊ីឡេងជាមុនទេ នោះនឹងត្រូវប្រឈមចំពោះការចាប់ជាមិនខានឡើយ។

ក្នុងមួយថ្ងៃៗ រថយន្តកែច្នៃដឹកឈើ​រាប់សិបគ្រឿង​ចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ សម្រាប់លោកប្រាក់ អ៊ីឡេង មិនថា ដែនជម្រកសត្វព្រៃស្ថិតនៅក្នុងខេត្តពោធិ៍សាត់នោះទេ បើទោះជានៅខេត្តកំពង់ឆ្នាំង ឬខេត្តកំពង់ស្ពឺ ក៏ត្រូវតែបង់ប្រាក់ឲ្យលោក អ៊ីឡេងដែរ ។ មានន័យថា លោកប្រាក់ អ៊ីឡេង រាតត្បាតដើរប្រមូលយកប្រាក់​ពីបទ​ល្មើសនៃការដឹកជញ្ជូនព្រៃឈើចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហួសដែនសមត្ថកិច្ចរបស់ខ្លួនទៅទៀត។ ខ្លួនជាមន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ ប៉ុន្តែដើរប្រមូលប្រាក់ដល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺឯណោះ។

បទល្មើសព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រូវគេរាយការណ៍ថាមិនមានការថមថយនោះឡើយ។ ក្រុមមន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ ក្រោមអំណាចចាត់ចែងរបស់លោកប៉ាន់ មរកត មិនដែលខ្វល់នឹងការបង្ក្រាបអ្វីនោះឡើយ។ រីឯថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក៏មិនដែល​នឹកឃើញថា នឹងចាត់វិធានការ​បង្ក្រាបបទល្មើស​ និងដាក់ទោសទណ្ឌចំពោះមន្ត្រីដែលពុករលួយនោះដែរ។ ដូច្នេះហើយ ទើប​លោកប្រាក់ អ៊ីឡេង ជិះសេះលែងដៃក្នុងការ​ប្រព្រឹត្តអំពើពុករលួយ​ក្នុងបទល្មើសព្រៃឈើនេះ៕