ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ពលរដ្ឋខេត្តពោធិ៍សាត់ផ្សងគ្រោះថ្នាក់ចូលកាប់ឈើដោយសារឈ្មួញ ជា ពៅ

ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ នរណាក៏ស្គាល់ឈ្មោះ ជា ពៅ ឈ្មួញរកស៊ីឈើដ៏ធំ ដែលមានទីលំនៅភូមិអណ្តូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាននោះដែរ ។ ក្រៅពីជាឈ្មួញដែលចាំទិញឈើពីប្រជាពលរដ្ឋចូលព្រៃ ជា ពៅ ក៏ជាអ្នកញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរឆ្លងដែនចូលទឹកដីថៃ ដើម្បីកាប់ឈើលក់ឲ្យខ្លួននោះដែរ ។ រឿងនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តពោធិ៍សាត់ សុទ្ធតែដឹងអំពីទង្វើនិងសកម្មភាពរបស់ឈ្មួញម្នាក់នេះ ។

ប្រភពបានឲ្យដឹងថា ឈ្មួញដ៏មានឥទ្ធិពលម្នាក់នេះ នៅតែបន្តធ្វើសកម្មភាព ក្នុងការទិញឈើពីប្រជាពលរដ្ឋ ក៏ដូចជាឈ្មួញផ្សេងៗទៀត យកមកលាក់ទុកនៅក្នុងស្រុកវាលវែង ។ ឈើរបស់ឈ្មួញម្នាក់នេះ បានទិញគ្រប់ច្រកល្ហកនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់, បាត់ដំបង និងកំពង់ស្ពឺ ។ ឈ្មួញម្នាក់នេះមានលទ្ធភាពដឹកឈើតាមរថយន្តកុងតឺន័រធំៗ ដោយមានការជួយជ្រោមជ្រែងលាក់បាំងពីសមត្ថកិច្ច គ្រប់ស្ថាប័ននៅក្នុងខេត្តពោធិ៍សាត់ ក៏ដូចជាខេត្តដទៃទៀត ដែលឈើរបស់ឈ្មួញម្នាក់នេះត្រូវឆ្លងកាត់ ។

NKD-36x6_outline

គេរាយការណ៍ថា អ្វីដែលធ្ងន់ធ្ងរជាងគេនោះ ក្រៅពីការញុះញង់ឲ្យប្រជាពលរដ្ឋចូលព្រៃកាប់ឈើនៅក្នុងភូមិសាស្ត្រនៃប្រទេសរបស់ខ្លួននោះ ឈ្មួញម្នាក់នេះចំណាយប្រាក់ឲ្យប្រជាពលរដ្ឋចូលក្នុងទឹកដីថៃ ដើម្បីកាប់ឈើយកមកលក់ឲ្យខ្លួន ។ ប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់បានរងគ្រោះ ដោយសារតែការចូលទឹកដីថៃ ដើម្បីកាប់ឈើនោះឯង ។ អាជ្ញាធរខេត្តពោធិ៍សាត់ត្រូវគេរាយការណ៍ថា ហាក់ដូចជាបិទភ្នែកចំពោះទង្វើរបស់ឈ្មួញម្នាក់នេះ ៕

លោក ជា ពៅ