ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ពលរដ្ឋក្រុងសែនមនោរម្យជ្រួលរឿងសួនច្បារត្រូវគេធ្វើស្ថានីយប្រេង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងដែនដីនគរូបនីយកម្ម និងសំណង់នឹងធ្វើសួនច្បារដ៏ធំមួយលើផ្ទៃដី ដែលមានស្រាប់កណ្តាលក្រុងសែនមនោរម្យ។ នេះជាដំណឹងដ៏រីករាយសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ នោះគឺដំណើរការនៃការកសាងសួនច្បារ ដ៏ធំនោះមិនទាន់ចាប់ផ្តើមផង បែរជាគេឃើញមានការបិទបាំងដើម្បីសង់ស្ថានីយប្រេងនៅលើដី សម្រាប់សង់សួនច្បារនោះទៅវិញ។

មន្ត្រីរាជការនៅខេត្តមណ្ឌលគិរីបានត្រឹមសម្តែងការសោកស្តាយ ព្រោះមិននឹកស្មានថា ដីអតីតព្រលានយន្តហោះដ៏ធំល្វឹងល្វើយដែលរាជរដ្ឋាភិបាលរៀបចំធ្វើសួនច្បារដ៏ធំសម្រាប់ថ្នាក់ជាតិនោះ បែរជាត្រូវគេពុះច្រៀកសម្រាប់ធ្វើស្ថានីយប្រេង(ជំហានដំបូង) និងទីកន្លែងប្រកបអាជីវកម្មមួយចំនួនទៀត។ គេមិនដឹងថា តើប្រមុខរាជរដ្ឋាភិបាល បានដឹង ឬក៏បានយល់ព្រមរួចទៅហើយឲ្យមានស្ថានីយប្រេង និងទីកន្លែងប្រកបអាជីវកម្មផ្សេងៗនៅលើដីដែលត្រូវរៀបចំសួនច្បារដ៏ធំនោះ ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្រុងសែនមនោរម្យជឿថា ប្រមុខរាជរដ្ឋាភិបាលទំនងជាមិនអនុញ្ញាតឲ្យមានស្ថានីយប្រេង និងទីកន្លែងធ្វើអាជីវកម្មនៅក្នុងប្លង់សួនច្បារដែលត្រូវធ្វើនោះទេ។

យ៉ាងណាក៏ដោយ របាំងសង្កសីពណ៌ខៀវ បានរៀបចំដំណើរការនៃការសាងសង់ស្ថានីយប្រេងនោះហើយ ។ បើតាមប្រជាពលរដ្ឋនិយាយថា គណៈកម្មការសាងសង់សួនច្បារបានសម្រេចឲ្យក្រុមហ៊ុនមួយសាងសង់សួនច្បារនៅដីនោះ ហើយបានកាត់ដីមួយចំណែកឲ្យទៅក្រុមហ៊ុន។ ហេតុដូច្នេះហើយទើបក្រុមហ៊ុនចាប់ផ្តើមសាងសង់ស្ថានីយប្រេង និងអគារពាណិជ្ជកម្មមួយចំនួននៅលើសួនច្បារ ដែលមានស្រាប់នេះ រីឯការសាងសង់សួនច្បារតាមគម្រោងរបស់គណៈកម្មការនឹងត្រូវអនុវត្តបន្ត។ សម្រាប់ប្រជាពលរដ្ឋក្រុងសែនមនោរម្យ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលបានទៅឃើញគម្រោងស្ថានីយប្រេងនេះ បានត្រឹមនាំគ្នាយកដៃរឹតដើមទ្រូងប៉ុណ្ណោះ៕