ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ពលរដ្ឋឃុំស្លា ស្រុកសំរោង រស់ក្នុងភាពភ័យខ្លាចបញ្ហាគ្រឿងញៀន

ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្លា ស្រុកសំរោង ខេត្តតាកែវ កំពុងរស់នៅក្នុងភាពភ័យខ្លាច ព្រោះតែបញ្ហាការជួញដូរ និងប្រើប្រាស់គ្រឿងញៀនត្រូវបានបើកជាចំហរ ហើយអាជ្ញាធរមានសមត្ថកិច្ច ហាក់ដូចជាមិន​មានចំណាត់ការទាល់តែសោះចំពោះក្រុមអ្នកជួញដូរគ្រឿងញៀនទាំងនោះ ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​បាននិយាយថា ​អាជ្ញាធរមានសមត្ថកិច្ច ស្រុកសំរោងបានដឹងអំពីមុខសញ្ញានៃក្រុមអ្នកជួញដូរគ្រឿងញៀនទាំងនោះដែរ ប៉ុន្តែមិនឃើញ​បង្ក្រាបអ្វីឡើយ ។

អ្នកភូមិនិយាយថា ក្រុមយុវជនពីរបីនាក់ ដែលមានឈ្មោះ ហ៊ាង និងឈ្មោះ រាជ គឺជាមេខ្លោងជួញដូរគ្រឿងញៀនដ៏សកម្ម​នៅក្នុងមូលដ្ឋានឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។ យុវជនឈ្មោះ រាជ ត្រូវអ្នកភូមិអះអាងថា ជាចៅរបស់មេភូមិទៀតផង ។ ពួកគេ​ចរាចរណ៍គ្រឿងញៀនគ្រប់ទីកន្លែងតាមវាលស្រែ និងទីកន្លែងស្ងាត់ៗក្បែររបងវត្តជាដើម ។ ចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ត្រូវបានអ្នកភូមិអះអាងថា កើនឡើងគួរឲ្យកត់សម្គាល់ ។ ប្រការនេះហើយដែលធ្វើឲ្យអ្នកភូមិរស់នៅខ្វះភាពកក់ក្តៅ និងមិនដឹងថា តើកូនចៅរបស់ពួក​ខ្លួននឹងត្រូវ​ធ្លាក់ក្នុងអន្លង់នៃការប្រើប្រាស់គ្រឿងញៀននៅពេលណានោះឡើយ ។

ប្រជាពលរដ្ឋ​និយាយថា អធិការនគរបាលស្រុកសំរោង លោកមឿង សារុន មិនមែនមិនដឹងថា ក្រុមក្មេងៗទាំងនោះជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននោះទេ ។ លោកដឹងអំពីបញ្ហានេះដែរ ប៉ុន្តែមិនដឹងយ៉ាងម៉េច បានជាមិនបង្ក្រាប​។ ប្រជាពលរដ្ឋទទូចស្នើឲ្យលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវចាត់វិធានការលើក្រុមក្មេងជួញដូរ ប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋាន​ឃុំស្លា ស្រុកសំរោងនោះផង បើរង់ចាំលោកអធិការស្រុក មឿង សារុន ចាត់វិធានការនោះហាក់ដូចជាមិនរំពឹងទេ ។ ប្រជាពលរដ្ឋនិយាយថា ពួកគាត់កំពុងរស់នៅក្នុងភាពភ័យខ្លាច ៕