ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ពួកជលផលខេត្តតាកែវ​យល់ថា បើមិនឲ្យជនជាតិវៀតណាមចូលនេសាទ ក៏ធនធានមច្ឆជាតិហូរតាមទឹកទៅវៀតណាមដែរ

ក្រុមមន្ត្រីជលផលខេត្តតាកែវ អះអាងដូចជាទំនងថា ធនធានធម្មជាតិដូចជាត្រី បង្កងជាដើម នៅ​ក្នុងភូមិសាស្ត្រស្រុក​បុរីជលសារ និងស្រុកអង្គរបុរី ជាប់ព្រំដែន​ប្រទេសវៀតណាម បើមិនអនុញ្ញាតឲ្យជនជាតិវៀតណាម ដែលមានជំនាញខាងនេសាទ ចូលមកនេសាទ​ក្នុងដែនដីខ្មែរទេនោះ ក៏ផលមច្ឆជាតិទាំងនោះ​ត្រូវហូរតាមទឹកចូលទៅប្រទេសវៀតណាមដដែលទេ ។ ដូច្នេះ យើងត្រូវអនុញ្ញាតឲ្យជនជាតិ​វៀតណាមចូលមកនេសាទក្នុងដែនដីខ្មែរ យកប្រាក់ នោះវានឹងបានផលចំណេញ(Sic) ។ គេមិនដឹងថា តើលោក អ៊ូច ភា អភិបាលខេត្តតាកែវ យល់ស្របតាមការលើកឡើងរបស់ក្រុមមន្ត្រីជលផលទាំងនោះដែរឬយ៉ាងណាទេ?

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលានេះ បណ្តាជនជាតិវៀតណាម បានបញ្ចេញទូករាប់រយគ្រឿងចូលមកនេសាទក្នុងដែនដីខ្មែរ ក្នុងភូមិសាស្ត្រស្រុកអង្គរបុរី ខេត្តតាកែវ ។ គេរាយការណ៍ថា ទូកលប ក្តាម មួយគ្រឿងត្រូវបង់៨លានដុង ឬប្រហាក់ប្រហែល៦០០ដុល្លារ, ទូកកន្ទុយកណ្តុរ មួយគ្រឿង​ត្រូវបង់​១២លានដុង, សៃយ៉ឺន១ខ្សែ១២លានដុង, លបត្រីកេសមួយខ្សែ១២លានដុង និងលបត្រីរ៉ស់មួយខ្សែ១២លានដុង ។ បណ្តាទូកអ្នកនេសាទជនជាតិវៀតណាម ត្រូវបង់ឲ្យមេការ​ដែលមានកិច្ចសហប្រតិបត្តិការជាមួយ​ សមត្ថកិច្ច និងស្ថាប័នជំនាញប្រចាំការនៅស្រុកអង្គរបុរី ខេត្តតាកែវ ។ ក្រៅពីការបង់ប្រចាំរដូវរបស់​ទូកអ្នកនេសាទជនជាតិវៀតណាម នេះ ក៏នៅមានការបង់​ប្រចាំខែ ឲ្យស្ថាប័នជំនាញ និងអាជ្ញាធរដែនដីថែមទៀត ។

អ្នកដែលចាត់ការក្នុងរឿងនេះ ដឹកនាំដោយនាយខណ្ឌរដ្ឋបាល​ជលផលតាកែវ លោក សៅ កុសល និង​លោក ឃឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលអង្គរបុរី ។ ករណី​ដែលពួកមន្ត្រីជលផលប្រព្រឹត្តអំពើពុករលួយ អនុញ្ញាតឲ្យបណ្តាជនវៀតណាមចូល​មកនេសាទ​ក្នុងដីខ្មែរនោះ បានកើតមានជារៀងរាល់ឆ្នាំ ។ មួយរយៈចុងក្រោយនេះ អាជ្ញាធរខេត្តតាកែវ ក្រោមអំណាចចាត់ចែង​គ្រាមុនរបស់លោក ឡាយ វណ្ណៈ បទល្មើសនេសាទបានកើតឡើង​យ៉ាងរីករាលដាល​តាមរយៈការអនុញ្ញាតឲ្យជនជាតិវៀតណាមចូលនេសាទ ។ មិនតែប៉ុណ្ណោះ ជំនាន់លោកឡាយ វណ្ណៈ ពលរដ្ឋខ្មែរ​មិនអាចចូលនេសាទក្នុងទឹកដីខ្មែរបានឡើយ ។ ជំនាន់លោក អ៊ូច ភា ជាអភិបាលខេត្ត ពួកមន្ត្រីថ្នាក់​ក្រោម ពោលលោកសៅ កុសល កំពុង​លេងប៉ាហ៊ីជាមួយថ្នាក់ដឹកនាំខេត្ត ។ គេជឿថា លោក អ៊ូច ភា ទំនងជា មិនបណ្តោយឲ្យពួកមន្ត្រីជល​ផល ប្រព្រឹត្តអំពើផ្តេសផ្តាស់ដូចជំនាន់អភិបាលខេត្តមុនៗទៀតឡើយ ៕