ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ពួកឈ្មួញមុខដដែលៗធ្វើសកម្មភាពដឹកឈើនៅដែនជម្រកភ្នំឱរ៉ាល់

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ឆ្លងកាត់​មូលដ្ឋាន​ពួកគាត់​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន​ការពារ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ទេនោះ គឺ​គ្មាន​ជនល្មើស​ណា​អាច​ចូល​កាប់​ឈើ​និង​ដក​ជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​បានឡើយ​។

ថ្មីៗនេះ សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ថ្ពង បាន​បង្ក្រាប​គោយន្ត​ដឹកឈើ​ដុល​៦​គ្រឿង​ដែលមាន​ឈើ​សរុប​ចំនួន​៥៧​កំណាត់​ជា​ប្រភេទ​ឈើមូល​ធំៗ​។ ប្រភពពី​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​នោះបាន​ឲ្យ​ដឹងថា គោយន្ត​ទាំង​៦​គ្រឿង​នោះ​ដឹកឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ឱ​រ៉ា​ល់​យកទៅលក់​ឲ្យ​ឈ្មួញកណ្ដាល​ម្នា​ក់នៅ​ស្រុក​ថ្ពង​។ ម្ចាស់​គោយន្ត​ដឹកឈើ​ដុល​ទាំង​៦​គ្រឿង​នោះ​មានឈ្មោះ ភី សុ​ភ័​ណ្ឌ​, ឈ្មោះ ខា យក្ស​, ឈ្មោះ នូវ ម៉េង​, ឈ្មោះ ផាត ភ័ស​, ឈ្មោះ ផាត់ សុភាព និង​ឈ្មោះ ឃិន វី​។ ម្ចាស់​គោយន្ត​ដឹកឈើ​ទាំង​៦​គ្រឿង​នេះ​បាន​បញ្ជាក់ថា ពួកគេ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​ឈ្មួញកណ្ដាល​ម្នា​ក់នៅ​ស្រុក​ថ្ពង​។

​តាម​ចម្លើយ​របស់​ម្ចាស់​គោយន្ត​ដឹកឈើ​ម្នា​ក់បាន​ឲ្យ​ដឹងថា ពួកគាត់​ចូលទៅ​កាប់​ឈើ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដោយ​ចំណាយពេល​យ៉ាងតិច​កន្លះ​ខែ ហើយ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​បរិស្ថាន មន្ត្រី​យោធា អ្នកយកព័ត៌មាន​កាសែត និង​ទូរទស្សន៍​មួយចំនួន​ដែល​ឈរជើង​ជាច្រើន​គោលដៅ សរុបទៅ​អស់​ប្រមាណ​៥០​ម៉ឺន​រៀល​។ ក្រុម​អ្នក​ដឹកជញ្ជូន​ឈើ​តាម​គោយន្ត​បាន​ឲ្យ​ដឹងថា ពួកគេ​មិន​ស្គាល់ឈ្មោះ​មន្ត្រី​បរិស្ថាន ដែល​តម្រូវ​ឲ្យ​ពួកគេ​បង់លុយ​នោះទេ ហើយ​មន្ត្រី​បរិស្ថាន​ទាំងនោះ​ឈរជើង​នៅ​ចំណុច​អូរ​ត្រាវ ចំណុច​ក្រុមហ៊ុន​អេ​ច​អិ​ល​អេ​ច និង​ចំណុច​ល្ងឹ​ម គឺ​បង់​គ្រប់កន្លែង​ដែល​មន្ត្រី​បរិស្ថាន​ឈរជើង​តែម្តង​៕