ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ខ្សឹបដាក់ត្រចៀក៖ ភ្នំបុរីប្រឈមនឹងការប្រព្រឹត្តរលាយក្រោមស្នាដៃលោកអភិបាលរងស្រុកអង្គរបុរី

ប្រជាពលរដ្ឋ​នៅ​ជិតភ្នំបុរី ស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវបានឲ្យដឹងថា សព្វថ្ងៃនេះសកម្មភាពនៃការជីកកកាយយកដី​ និងថ្មភ្នំ​បាននិងកំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេង ។ មន្ត្រីថ្នាក់ស្រុកអង្គរបុរីត្រូវប្រជាពលរដ្ឋរាយការណ៍ថា ជាអ្នកដែល​ទទួលបានផលប្រយោជន៍ក្នុងការ​កម្ទេចភ្នំនេះ ។ ប្រជាពលរដ្ឋនៅតំបន់នោះអះអាងថា ក្នុងមួយថ្ងៃៗ រថយន្តដឹកដី ដឹកថ្មរាប់សិបគ្រឿងបានដឹកជញ្ជូន​ដី និងថ្មចេញពីភ្នំនេះ ។

គេរាយការណ៍ថា លោក ឌឿ ជា អភិបាលរងស្រុក​អង្គរបុរី​បានកំណត់ឲ្យរថយន្តដឹកថ្ម ដឹកដីបង់ប្រាក់ឲ្យខ្លួនក្នុងមួយជើង​៧ពាន់រៀល ។ រថយន្តខ្លះក្នុងមួយថ្ងៃដឹកបាន១០ជើង ខ្លះ២០ជើង តាម​ទីជិតទីឆ្ងាយ ។ នៅក្នុងចំណោមរថយន្តរាប់សិបគ្រឿងនោះ គេប៉ាន់ប្រមាណថា មិនតិចជាង១០០ជើងទេ ដែល​ដីភ្នំ​ ឬថ្មភ្នំត្រូវបានដឹកចេញពីភ្នំបុរីនេះ ។ ដូច្នេះ លោកអភិបាលរងស្រុក​ក៏អាចរកចំណូលបានច្រើនគួរសមពីការចាំដកតុងពីរថយន្តដឹកថ្ម ដឹកដីទាំងនោះ ។ រឿងលោក ឌឿ ជា យកលុយពីរថយន្តដឹកថ្ម ដឹកដី កាយចេញពីភ្នំបុរីនេះ ប្រជាពលរដ្ឋរស់នៅជើងភ្នំនេះ សុទ្ធតែដឹងគ្រប់ៗគ្នា ។

នៅឯសាលាស្រុកអង្គរបុរីឯណោះវិញ ក៏មានមន្ត្រីមួយចំនួនខ្សឹបខ្សៀវពីបញ្ហាផលប្រយោជន៍ដែលបានមកពីការយក​លុយ​ពីរថយន្ត​ដឹកថ្ម ដឹកដីនេះដែរ ។ ផលប្រយោជន៍ដែលមិនត្រូវបានចែករំលែកឲ្យគ្នាបានរស់នោះគឺជាមូលហេតុ ដែលនាំឲ្យ​ព័ត៌មានស្តីអំពី​ការជីកកកាយដីភ្នំបុរី ត្រូវបែកធ្លាយ ។ គេនិយាយថា មានតែលោកអភិបាលស្រុក និងអភិបាលរងឌឿ ជា ប៉ុណ្ណោះ ដែលទទួលបានផលប្រយោជន៍ពីដំណើរឆ្ពោះទៅរកការរលាយបាត់បង់ភ្នំប្រវត្តិសាស្ត្រមួយនេះ ។ ប្រជាពលរដ្ឋ រស់នៅក្បែរៗភ្នំបុរី ស្ថិតក្នុងស្រុកអង្គរបុរី រំពឹងថា ថ្នាក់ដឹកនាំខេត្ត​តាកែវ នឹងពិនិត្យមើលរឿងនេះឡើងវិញ ៕