ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីរដ្ឋបាលជលផលស្រុកឆ្លូងនៅពីក្រោយបទល្មើសនេសាទខុសច្បាប់

ប្រជាពលរដ្ឋរស់នៅស្រុកឆ្លូង ខេត្តក្រចេះបានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងព្រែកឆ្លូង មានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងអនាធិបតេយ្យ ហើយមន្ត្រីរដ្ឋបាលជលផលមិនចាត់វិធានការបង្ក្រាបបទល្មើសឡើយ។ ប្រភពពីមន្ត្រីអាជ្ញាធរ មូលដ្ឋានបានឲ្យដឹងថា លោក ប៉ែន ប៊ុណ្ណារាវុធ នាយផ្នែករដ្ឋបាលជលផលស្រុកឆ្លូង ជាអ្នកឃុបឃិតឲ្យក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីស្រេចតែអំពើចិត្តធ្វើ ឲ្យត្រីក្នុងព្រែកឆ្លូងត្រូវប្រឈមនឹងសេចក្ដីវិនាស។ លោក ប៉ែន ប៊ុណ្ណារាវុធ បានបើកដៃឲ្យជនល្មើសដាក់ធ្នស់បន្តគ្នាជាច្រើនកន្លែងដើម្បីចាប់ត្រីយ៉ាងអនាធិបតេយ្យបំផុត ហើយមន្ត្រីអាជ្ញាធរស្រុករក្សាភាពស្ងៀមស្ងាត់ ។

តាមប្រភពពីប្រជានេសាទនៅតំបន់ព្រែកឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះបានឲ្យដឹងថានៅក្នុងព្រែកឆ្លូងសព្វថ្ងៃនេះមានឧបករណ៍ខុសច្បាប់ដូចជា របាំងព្រួល និងធ្នស់កើតឡើងយ៉ាងពេញបន្ទុកដោយសារតែមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាល ជលផលដែលគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ។ នៅពេលឃើញបទល្មើសកើតឡើងគឺប្រជាពលរដ្ឋតែងរាយការណ៍ទៅមន្ត្រីរដ្ឋបាលជលផល និងមន្ត្រីអាជ្ញាធរ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធឲ្យចាត់វិធានការបង្ក្រាបឲ្យបានទាន់ពេលវេលា។ ប៉ុន្តែលោក ប៉ែន ប៊ុណ្ណារាវុធ មិនចាត់វិធានការបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ឡើយ ។

NKD-36x6_outline

សេចក្ដីរាយការណ៍ខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ប៉ែន ប៊ុណ្ណារាវុធ នាយផ្នែករដ្ឋបាលជលផលស្រុកឆ្លូងទេនោះគឺបទល្មើសប្រើ ឧបករណ៍ខុសច្បាប់ក្នុងព្រែកឆ្លូងមិនកើតឡើងយ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះឡើយ។ នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះបច្ចុប្បន្នបទល្មើសប្រើឧបករណ៍ខុសច្បាប់ក្នុងព្រែកឆ្លូងកំពុងតែរាលដាលខ្លាំង ឡើងៗ។ ជាងនេះទៅទៀតលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផលគួរពិនិត្យ មើលភាពអសកម្មរបស់មន្ត្រីរដ្ឋបាលជលផលក្នុងខេត្តក្រចេះជាបន្ទាន់ ព្រោះពួកគេ កំពុងឃុបឃិតគ្នាបណ្ដោយឲ្យមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់យ៉ាង គគ្រឹកគគ្រេងដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងក្រអឺតក្រទម ៕