ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មួយថ្ងៃរថយន្តដឹកខ្សាច់៣០-៤០គ្រឿងចេញពីខេត្តក្រចេះទៅវៀតណាម

គេអាចមើលឃើញដោយភ្នែកទទេបាន ករណីឈ្មួញឃុបឃិតជាមួយស្ថាប័នមានសមត្ថកិច្ចនាំខ្សាច់ចេញពីខេត្តក្រចេះទៅកាន់ប្រទេសវៀតណាមក្នុងមួយថ្ងៃៗ មានរថយន្តមិនតិចជាង៣០គ្រឿងទៅ៤០គ្រឿង ។ ប្រភពខ្សឹបថា លោកប្រធានមន្ទីរ៉ែ និងថាមពលខេត្តក្រចេះ សុខ គិរីរ័ត្ន ជាអ្នកដែលមានផលប្រយោជន៍ក្នុងការឃុបឃិតឲ្យឈ្មួញដឹកខ្សាច់ទៅប្រទេសវៀតណាម ។

ប្រភពបានខ្សឹបថា ខ្សាច់ត្រូវបានដឹកចេញពីទីរួមខេត្តក្រចេះសម្តៅមកស្រុកស្នួល ឆ្លងកាត់ច្រកព្រំដែនត្រពាំងស្រែ-វ៉ាលឺ ដែលការដឹកជញ្ជូននេះធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ។ ការដឹកខ្សាច់ទៅប្រទេសវៀតណាមរបស់ពួកឈ្មួញ ត្រូវគេអះអាងថា បានបង់ប្រាក់ឲ្យសមត្ថកិច្ចនៅច្រកព្រំដែននោះផងដែរ ។

NKD-36x6_outline

ប្រភពរាយការណ៍ថា មានការឃុបឃិតគ្នារវាងឈ្មួញ នឹងលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ ក្នុងការដឹកខ្សាច់ទៅប្រទេសវៀតណាមនេះ ។ រថយន្តធំៗ បើកបន្តកន្ទុយគ្នា ពោលគឺឲ្យតែខ្សាច់បូមបានពីទន្លេត្រូវដឹកជញ្ជូនទៅប្រទេសវៀតណាមភ្លាម ។ គេមិនដឹងថា តើខ្សាច់ទាំងនោះត្រូវបានបង់ពន្ធជូនរដ្ឋដែរឬយ៉ាងណានោះឡើយ ។ ប្រភពពីមន្ត្រីសាលាខេត្តក្រចេះអះអាងថា វាជារឿងផលប្រយោជន៍របស់បុគ្គល ដែលជាប្រធានមន្ទីររ៉ែ និងថាមពលនោះតែប៉ុណ្ណោះ ៕