ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេយោធាស្រុកគិរីវង់ដាក់កុងត្រូលជជុះយកលុយពីរថយន្តដឹកស្រូវ

ប្រជាពលរដ្ឋខេត្តតាកែវដែលថ្មីៗនេះបានត្អូញត្អែរពីគ្មានទីផ្សារស្រូវដែលត្រូវ ឈ្មួញក្រឡុកតម្លៃតាមអំពើចិត្តនោះបានបញ្ជាក់ថា ពួកគាត់មានការលំបាកកាន់តែ ខ្លាំងឡើងៗមួយកម្រិតទៀត ព្រោះពេលដឹកស្រូវទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាម នៅព្រំដែនត្រូវចំណាយច្រើនលើការដឹកជញ្ជូន ពិសេសមានមន្រ្តីយោធាគាបយក លុយពីពួកគាត់ដោយប្រើរូបភាពជាប៉ុស្តិ៍ត្រួតពិនិត្យផ្សេងៗ ។

ប្រជាពលរដ្ឋស្រុកគិរីវង់ដែលដឹកស្រូវយកទៅលក់នៅព្រំដែនវៀតណាម និងដឹក ទំនិញពីវៀតណាមយកមកលក់នៅប្រទេសកម្ពុជាបានបញ្ជាក់ថា មេបញ្ជាការតំបន់ ប្រតិបត្តិការផ្នែកសឹករងស្រុកគីរីវង់ ខេត្តតាកែវលោកវរសេនីយ៍ត្រី សេង វុធ កំពុងតែប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត ។

NKD-36x6_outline

រថយន្តដឹកស្រូវដែលបានដឹកជញ្ជូនឆ្លងកាត់ផ្លូវទៅព្រំដែនត្រូវបង់ប្រាក់ឲ្យកុងត្រូល ជជុះរបស់លោក សេង វុធ ពី៤ម៉ឺនទៅ៥ម៉ឺនរៀលក្នុងមួយរថយន្ត ហើយបើមិនបង់ទេគឺមិនអាចដឹកដល់ព្រំដែនឡើយ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់ដឹកជញ្ជូនស្រូវតាមរថយន្តក្នុងមួយថ្ងៃរាប់រយគ្រឿងទៅលក់ឲ្យឈ្មួញវៀតណាមតាមច្រកតាអូរដែលអាចឲ្យមន្រ្តីពុករលួយនិងបក្ខពួករបស់ពួកគេប្រមូលលុយបានច្រើនគួរសម ។

លោកវរសេនីយ៍ត្រី សេង វុធ ក៏បានបង្កើតទីតាំងថ្លឹងរថយន្តដោយខុសច្បាប់នៅ ជាប់ព្រំដែន ថែមទាំងដាក់ជញ្ជីងថ្លឹងរថយន្តសរសេរជាភាសាវៀតណាមទៀតផង។ ប្រជាពលរដ្ឋស្រុកគិរីវង់បានបញ្ជាក់ថាសព្វថ្ងៃនេះតាមបន្ទាត់ព្រំដែន ពិសេសតាមច្រក ទ្វារព្រំដែន និងច្រករបៀងពោរពេញទៅដោយបទល្មើសសេដ្ឋកិច្ចតែអាជ្ញាធរខេត្ត តាកែវមិនបានចាត់វិធានការដោះស្រាយឲ្យមានប្រសិទ្ធភាពនោះឡើយ ៕