ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ យប់ថ្ងៃទី២៩ ខែតុលា រថយន្តសាំយ៉ុង១០គ្រឿងដឹកឈើចេញ​ពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា

បើទោះបីជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ព្រមាន​អភិបាលខេត្ត​ មណ្ឌលគិរី រឿងបទល្មើស​យ៉ាងណាក៏ដោយ ក៏​ឈើនៅតែបន្តនាំចេញ​ទៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃ ។ អ្វីដែល​គួរឲ្យហួសចិត្តទៀតនោះ គឺព្រៃឈើ​នៅតំបន់ការពារអភិរក្ស​ កំពុងរងការកាប់បំផ្លាញដឹកជញ្ជូនទៅប្រទេសវៀតណាម​រាល់យប់ ។ នោះគឺ​ព្រៃឈើ​នៅ​តំបន់ដែនជម្រកសត្វព្រៃ​កែវសីមា ដែល​អាជ្ញាធរខេត្តមណ្ឌលគិរី​តែងតាំងលោកព្រំ សុវណ្ណា និងលោក​សៀង ស៊ីណា ឲ្យមើលការខុសត្រូវនោះ ពួកមន្ត្រីទាំងពីរនាក់នេះ​ក្លាយទៅជាអ្នក​​កសាងបទល្មើសទៅវិញ ។

គេរាយការណ៍ថា កាលពី​ទៀបភ្លឺ​ឆ្លងចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ រថយន្តសាំយ៉ុង១០គ្រឿង និងគោយន្តកែច្នៃ៣គ្រឿង បានដឹកឈើចេញតាមផ្លូវ១១៥ និង១១៧ ឆ្ពោះទៅតំបន់ កា៣ ឆ្លងចូលទៅប្រទេសវៀតណាម ។ ឈើនោះត្រូវបានដឹកចេញពីតំបន់ស្រែឈូក ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ។ លោកសៀង ស៊ីណា នាយរង​ដែនជម្រកសត្វព្រៃកែវសីមា បានសហការជាមួយឈ្មួញឈ្មោះ ទោង (យោធា) ជាអ្នកបើក​ប្រតិបត្តិការកាលពីយប់ថ្ងៃទី២៩ ឆ្លងចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នោះ ។ ឈ្មួញឈ្មោះ ទោង និង​លោកសៀង ស៊ីណា បានសហការគ្នា​ក្នុងការបន្តប្រព្រឹត្ត​ល្មើសនេះ​តទៅទៀត ។

ប្រភពរាយការណ៍ថា បើនិយាយពីសមត្ថកិច្ច​នៅក្នុងព្រៃឯណោះវិញ គឺច្រើនស្អេកស្កះសន្ធឹកសន្ធាប់ណាស់ ប៉ុន្តែសមត្ថកិច្ចទាំងនោះ​មិនមែនចាំបង្ក្រាបបទល្មើសអ្វីឡើយ ។ នៅទីនោះ​មានកងអន្តរាគមន៍, មន្ត្រីស្នាក់ការ និងក្រុមចម្រុះរបស់ខេត្ត ។ ក្រុមចម្រុះរបស់ខេត្តដឹកនាំដោយលោក ឈាង ណាក់ ជាមន្ត្រីរដ្ឋបាលព្រៃឈើ​ដាក់កម្លាំង​ចាំបង្ក្រា​បបទល្មើស ប៉ុន្តែ​ផ្ទុយទៅវិញគឺពួកមន្ត្រីនេះ​ជាអ្នករកលុយឲ្យថ្នាក់ដឹកនាំខេត្ត ។ រីឯកងអន្តរាគមន៍ ដែល​មាន​ប្រធានក្រុម​ដឹកនាំដោយលោក គង់ ពុទ្ធារ៉ា មកពីក្រសួងបរិស្ថាន ក៏មិនខុស​ពីលោកឈាង ណាក់ ប៉ុន្មានដែរ ។

គេរាយការណ៍ថា តាំងពីលោកព្រំ សុវណ្ណា និងលោក សៀង ស៊ីណា មកកាន់កាប់តំបន់ដែនជម្រកសត្វព្រៃកែវសីមា គឺ​ចាប់ផ្តើម​មានបទល្មើស​យ៉ាងគគ្រឹកគគ្រេង ។ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី មិនខ្វល់ចំពោះការដាស់តឿនក្រើនរំលឹក របស់​សម្តេចក្រឡាហោម ស ខេង នោះឡើយ ។ គេរំពឹងថា សម្តេចក្រឡាហោម នឹងពិនិត្យមើលបញ្ហាបទល្មើសព្រៃឈើ​នៅខេត្តមណ្ឌលគិរីនេះឡើងវិញ ៕