ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានមើលបទល្មើសព្រៃឈើដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ផង

គេរាយការណ៍ថា បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ក្រោមក្រសែភ្នែកមន្ត្រីបរិស្ថាននៅទីនោះ។ អ្នកដែលផ្អែមល្ហែមនឹងបទល្មើស​ព្រៃឈើខ្លាំងជាងគឺលោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដែលជាអ្នកត្រួតត្រាដោយផ្ទាល់លើ​ស្នាក់ការដែនជម្រកសត្វព្រៃ​ភ្នំឱរ៉ាល់។

នៅឯស្នាក់ការរងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ ក្រុមអ្នករកស៊ីដឹកឈើប្រណីតផ្សេងៗ ត្រូវបង់លុយឲ្យ​មន្ត្រីដែលប្រចាំការនៅស្នាក់ការរងនោះមិនអាចហួសឡើយ។ គេឲ្យដឹងថា ក្នុងរថយន្តកែច្នៃ១គ្រឿងដឹកឈើ​ប្រណីត​ត្រូវបង់៦០ម៉ឺនរៀល, គោយន្ត​១គ្រឿងត្រូវបង់១៥ម៉ឺនរៀល, រណារយន្ត១គ្រឿង១៥ម៉ឺនរៀល និងម៉ូតូដឹកឈើប្រណីត១​គ្រឿងបង់​២ម៉ឺនរៀល។ គេរាយការណ៍ថា គ្មានអ្នករកស៊ីដឹកឈើណាម្នាក់គេចរួចពី​ស្នាក់ការរងដែនជម្រកសត្វព្រៃភ្នំ​ឱរ៉ាល់នោះឡើយ។ គេមិនដឹងថា តើ​ប្រធានស្នាក់ការរង​នោះជានរណាទេ ប៉ុន្តែក្រុមមន្ត្រីបរិស្ថានអះអាងថា លុយដែលប្រមូលបានត្រូវ​ប្រគល់ជូនលោកប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ជាអ្នកចាត់ចែង។

NKD-36x6_outline

នៅពេលដែលផុតពីស្នាក់ការរងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ហើយនោះ ទាំងគោយន្តដឹកឈើ ក៏ដូចជារថយន្តកែច្នៃត្រូវ​បង់ឲ្យមន្ត្រីបរិស្ថានប្រចាំការនៅខាងក្រោមម្នាក់ទៀតឈ្មោះ ប្រាក់ អ៊ីឡេង ។ លោកប្រាក់ អ៊ីឡេងជាអ្នកប្រមូលលុយ​មួយជាន់ទៀតនៅក្រៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ គាត់ក៏ជាមន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ម្នាក់ដែរ។ បណ្តាជនដែល​រកស៊ីដឹកឈើតាមគ្រប់រូបភាពសុទ្ធតែត្រូវទូរស័ព្ទប្រាប់លោក ប្រាក់ អ៊ីឡេងជាមុន មុននឹងដឹកឈើចេញ។

គេរាយការណ៍ថា នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់​ នៅតំបន់ស្រែវាល មានរោងម៉ាស៊ីនអារឈើ២កន្លែងរបស់ថៅកែឈ្មោះ ហ៊ុំ ហយ ដែលបើកដំណើរការថ្មីៗនេះ ក្រោមការចាត់ចែងរបស់​មន្ត្រីបរិស្ថានដែលប្រចាំការនៅទីនោះ។ កាលពីសប្តាហ៍មុន ថៅកែហ៊ុំ ហយ ដំឡើងម៉ាស៊ីអារឈើខ្សែតែមួយកន្លែង​ប៉ុណ្ណោះ ប៉ុន្តែដោយមានការឃុបឃិតជាមួយមន្ត្រីបរិស្ថាន ទើបថៅកែហ៊ុំ ហយ បានបន្ថែមម៉ាស៊ីនអារឈើមួយខ្សែទៀត​ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជន និងដោយមានការអនុញ្ញាតពីមន្ត្រីបរិស្ថាននៅតំបន់នោះ ៕