ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ រណ្តៅដី៦កន្លែងនៅស្រុកកៀនស្វាយជីកដល់ក្បាលប្រេត កំពុងត្រូវប៉ាន់ឈ្មួញ៦នាក់ តែពលរដ្ឋទឹកភ្នែក

រណ្តៅដីចំនួន៦កន្លែង ស្ថិតនៅភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលគេដឹងថា អ្នកធ្វើអាជីវកម្ម មានដល់ទៅ ៦នាក់ រួមមានឈ្មោះ ភារ៉ា, ស សារឿន ហៅតោ, ម៉ៅ ផង់, ប៉ក់ សារឹន,អាន ឆន និងកងវិស្វកម្ម ផងដែរនោះ ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅតាមផ្លូវនេះ ពិបាករស់នៅណាស់ដោយពេលហូបបាយម្តងទាល់តែហូបក្នុងផ្ទះបិទទ្វារជិត ចងមុង ឬទៅហូបខាងក្រោយផ្ទះ បើមិនដូច្នេះទេ ដីហុយចូលបាយសម្ល ហូបមិនកើតឡើយ ។

ពលរដ្ឋបន្តទៀត ថា នៅតាមផ្លូវនេះមានរថយន្តធុនតូច ធុនយក្សរាប់សិបគ្រឿងបានសម្រុកដឹកដីញ័រផ្លូវរកតែសម្រាកពេលថ្ងៃក៏មិនបានគឺដឹកគ្មានពេលម៉ោងសម្រាកទេ ទោះអាណាងាប់ក៏ងាប់ទៅ អ្នកណាដេកពួន ឬ ស៊ីចុកមិនបានក៏ហីទៅឲ្យតែអញរស់ម្នាក់ឯង ឬក្រុមអញរស់បានហើយ ។ក្រៅពីនោះរណ្តៅដីដែលមានជម្រៅជិតដល់ក្បាលប្រេតនៅកៀកព្រំដីស្រែរបស់ប្រជាពលរដ្ឋទៀត ធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភទៅថ្ងៃអនាគតអាចបាក់ច្រាំងដល់ដីស្រែពួកគាត់ខានធ្វើស្រែមិនខាន ។

ប្រជាពលរដ្ឋលួចខ្សឹបថា រឿងនេះមិនដឹងថាអាជ្ញាធរមូលដ្ឋាន ត្រូវដងត្រូវផ្លែនឹងឈ្មួញរណ្តៅដី ទាំង៦នាក់នោះយ៉ាងណាទេ បានជាសម្ងំស្ងាត់ជ្រៀប មិនឈឺឆ្អាលជាមួយប្រជាពលរដ្ឋ ។ លើសពីនេះទៀតប៉ុន្មានថ្ងៃមុននេះមានមន្ត្រីក្រសួងរ៉ែ និងថាមពល មួយក្រុមចុះទៅដល់ការដ្ឋានជីកដីទាំងនេះ ប៉ុន្តែមិនដឹងទៅធ្វើអីទេ គ្រាន់តែអឺតឡឺមៗ មួយភ្លែតក៏ជិះរថយន្តត្រឡប់ទៅវិញអស់ទៅ ។ ការចុះអឺតឡឺមៗ របស់មន្ត្រីទាំងនោះ ត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យថា គ្មានអ្វីក្រៅពីទៅទទួលលាភសក្ការៈពីក្រុមឈ្មួញជីករណ្តៅដីនោះឡើយ បានជាមកដល់ពេល នេះគេឃើញរថយន្តសម្រុកដឹកដីកាន់តែច្រើន និងថ្គើនខ្លាំងឡើងៗ មិន ខ្លាចប្រជាពលរដ្ឋរិះគន់សោះ ។

គេមិនដឹងថា លោករដ្ឋមន្រី្ត និងស្ថាប័នពាក់ព័ន្ធដែលអនុញ្ញាតឲ្យឈ្មួញជីករណ្តៅដីជ្រៅហួសច្បាប់កំណត់ នាំឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប៉ះពាល់បរិស្ថានបែបនេះ លោកបានជ្រាបដែរឬទេ ? ឬមួយបានជ្រាបដែរចេះតែបិទភ្នែកធ្វើមិនដឹងដើម្បីផលប្រយោជន៍អ្វីមួយ ? ៕