ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លឹម សុក្រិតកំពុងស្រង់ដើមយ៉ាងតក់ក្រហល់

នាយសង្កាត់រដ្ឋបាលជលផលកណ្តៀងដ៏ក្មេងខ្ចីឈ្មោះ លឹម សុក្រិត ទើបតែតែងតាំងថ្មីៗ កំពុងវក់វីនឹងបទល្មើសនេសាទ​នៅអតីតឡូត៍លេខ៦ បច្ចុប្បន្នឡូត៍អភិរក្ស ស្ថិតក្នុងស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។ លោក​ធ្វើប្រតិបត្តិការដោយផ្ទាល់​ក្នុងការប្រមូលប្រាក់ពីអ្នកនេសាទខុសច្បាប់ដើម្បីស្រង់ដើម​​ចំពោះការចំណាយ​ទៅលើមុខតំណែងនេះ ។ លោក​ដើរនិយាយប្រាប់ពួកឈ្មួញថា ស្ថិតក្នុងដំណាក់កាលនេះ​លោកមិនខ្វល់ទេ គឺធ្វើម៉េចស្រង់ដើម​ និងរកចំណេញខ្លះ​ពីព្រោះថា បន្ទាប់ពី​ការបោះឆ្នោតហើយ លោកមិនទៀងថា នឹងនៅកាន់តំណែងដដែលនេះទេ ។

គេរាយការណ៍ថា បទល្មើស​បាននិងកំពុងកើត​យ៉ាងគគ្រឹកគគ្រេងនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ពួកអ្នកនេសាទល្មើសច្បាប់ ក៏កំពុងរីកថ្លើមប្រមាត់ជាមួយលោកលឹម សុក្រិត ព្រោះតែអាចនេសាទបានតាមចិត្ត​ ដោយគ្រាន់តែបង់ប្រាក់ជូនលោកលឹម សុក្រិត ប៉ុណ្ណោះ ។ អ្នកនេសាទល្មើសច្បាប់ជាជនជាតិវៀតណាម​បានប្រើ​ឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនប្រភេទចូលទៅនេសាទអតីតឡូត៍លេខ៦ ឬឡូត៍អភិរក្ស ។ សម្រាប់ប្រជាពលរដ្ឋ​នៅស្រុកកណ្តៀងកត់សម្គាល់ថា តាំងពីលោកលឹម សុក្រិតមកកាន់តំណែងជានាយសង្កាត់រដ្ឋបាលជលផលកណ្តៀង​នោះមកមិនដែលឃើញលោកបង្ក្រាប​បទល្មើសនេសាទម្តងណាឡើយ ។

អ្នកនេសាទ​ល្មើសច្បាប់ប្រើឧបករណ៍នេសាទអូស កែច្នៃដែលអាចប្រមូលត្រីបានរាប់តោនតែក្នុងរយៈពេលដ៏ខ្លី ។ ឧបករណ៍អូសកែច្នៃនេះបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ។ ប៉ុន្តែ​លោកលឹម សុក្រិត មិនដែលខ្វល់នោះឡើយ ។ លោកលឹម សុក្រិត និយាយថា ពេលវេលាសម្រាប់លោកហាក់ដូចជានៅខ្លីណាស់ ដូច្នេះ លោកមិនខ្វល់ចំពោះការរិះគន់​ ឬក៏ការគំរាមកំហែងណាមួយឡើយ ។ អ្វីដែលសំខាន់ពេលនេះ គឺត្រូវតែប្រមូល​ប្រាក់ដាក់ហោប៉ៅដើម្បីស្រង់ដើម ។ មន្ត្រីជលផលខេត្តពោធិ៍សាត់និយាយថា លោកលឹម សុក្រិតចំណាយទុនធំទម្រាំបានតំណែងជាអ្នកគ្រប់គ្រងឡូត៍នេសាទនៅស្រុកកណ្តៀងនេះ ដូច្នេះគាត់ត្រូវស្រង់ដើមគ្មានអ្វីប្លែកទេ ៕