ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោកកន ចន្ទសីហា ម៉ៅការបទល្មើសនេសាទ​ក្នុងស្រុកស្ទោង

ក្នុងចំណោម​បទល្មើស​នេសាទដ៏ច្រើនសន្ធឹកសន្ធាប់ច្រើនប្រភេទនៅក្នុងខេត្តកំពង់ធំនោះ នៅឯស្រុកស្ទោង លោកកន ចន្ទសីហា ជាអ្នកម៉ៅការ​ក្នុងការកសាងបទល្មើស ពីព្រោះលោកជាមន្ត្រីរដ្ឋបាលជលផលស្រាប់ ។ គេរាយការណ៍ថា ក្នុងនាមលោកជាមន្ត្រីជលផលប្រចាំស្រុកស្ទោង ក្រុមអ្នកនេសាទល្មើសច្បាប់ត្រូវបង់ប្រាក់​ឲ្យលោកជាដាច់ខាត ។

បទល្មើសដែលកំពុងធ្វើឲ្យមានការចាប់អារម្មណ៍នៅក្នុងស្រុកស្ទោង គឺ​បទល្មើសនៃការឆក់​ ។ អ្នកនេសាទ​ដែលប្រើឧបករណ៍ឆក់ ម្នាក់ៗត្រូវបង់ប្រាក់ឲ្យលោកកន ចន្ទសីហារាប់រយដុល្លារ ។ នៅតំបន់ចុងអាង ដែលជាសម្បុកត្រី ទីនោះហើយដែល​អ្នកនេសាទប្រើឧបករណ៍ឆក់ធ្វើសកម្មភាពរាល់ថ្ងៃ ។ ​បទល្មើសនៅឃុំសំព្រោជ, ចំណារក្រោម និងម្សាក្រង សុទ្ធតែក្រោមក្រសែភ្នែកលោកកន ចន្ទសីហា ។ គេគិតថា អ្នកនេសាទប្រើឧបករណ៍ឆក់ មានទ្រង់ទ្រាយតូចទេ ប៉ុន្តែមនុស្សរាប់សិបនាក់ ប្រព្រឹត្តល្មើសគឺបានបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ពូជមច្ឆជាតិ ។

អភិបាលខេត្តកំពង់ធំ ធ្លាប់បានណែនាំឲ្យមន្ត្រីជលផលបង្ក្រាបបទល្មើសនេសាទនោះដែរ ប៉ុន្តែ​គ្មានពួកមន្ត្រីជលផលណាម្នាក់​យកត្រចៀកស្តាប់លោកអភិបាលខេត្តនោះឡើយ ជាពិសេសលោកកន ចន្ទសីហានេះឯង ។ ពួក​មន្ត្រីជលផល ធ្លាប់បានទទួលការស្តីបន្ទោសពីអភិបាលខេត្តដែរ ប៉ុន្តែពួកគេ​ទទួលបានលាភសក្ការពីអ្នកនេសាទច្រើនជាងអ្វីដែលលោកអភិបាលខេត្តទូន្មាន ។ ដូច្នេះ សម្តីរបស់អភិបាលខេត្តគ្មានន័យសម្រាប់ពួកមន្ត្រីជលផលនៅខេត្តកំពង់ធំនោះឡើយ ។ ពួកគេឆ្លើយយករួចខ្លួនចំពោះមុខអភិបាលខេត្ត ប៉ុន្តែ​ពួកគេមិនបង្ក្រាបបទល្មើសនោះឡើយ ធ្វើម៉េចឲ្យតែបានប្រាក់ ។

NKD-36x6_outline

រឿងលោកកន ចន្ទសីហា នេះ មិនមែនប្រព្រឹត្តអំពើពុករលួយតែជាមួយអ្នកនេសាទ​ប្រើប្រាស់ឧបករណ៍ឆក់ប៉ុណ្ណោះទេ ។ ឧបករណ៍ល្មើសផ្សេងៗទៀតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនលើផ្ទៃបឹងទន្លេសាបក៏មិនអាចគេចផុតពីកណ្តាប់ដៃលោកកន ចន្ទសីហា ដែរ ។ ដូច្នេះ លោកអភិបាលខេត្តគួរជិះកាណូតមើលបទល្មើសនៅស្រុកស្ទោងម្តង ទើបដឹងថា វាយ៉ាងម៉េច ៕