ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោកកែវ វណ្ណឌី មេគយច្រកកំពង់ពពិលកំពុងត្រូវប៉ាន់

គេរាយការណ៍ថា លោកកែវ វណ្ណឌី ប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកព្រំដែនកំពង់ពពិល ស្ថិតក្នុងស្រុកបុរីជលសារ ខេត្តតាកែវ កំពុងត្រូវប៉ាន់យ៉ាងខ្លាំង ។ ត្រូវប៉ាន់ចំពោះទំនិញនាំចេញ នាំចូល ជាពិសេសវេលានេះជារដូវនាំស្រូវចេញ ។ ប្រភពបានរាយការណ៍ថា ទំនិញភាគច្រើនបង់ពន្ធមិនគ្រប់ និងការដឹកស្រូវចេញត្រូវបង់ប្រាក់ក្រៅច្បាប់ជូនលោកកែវ វណ្ណឌី ។ ប្រភពចំណូលសំខាន់ៗ កំពុងចរាចរណ៍គគ្រឹកគគ្រេងជារៀងរាល់ថ្ងៃតាមច្រកកំពង់ពពិលនោះ។

លោក ឡាយ វណ្ណៈ

ប្រភពបានឲ្យដឹងថា ក្រុមឈ្មួញសម្រុកដឹកដែក ស៊ីម៉ង់ត៍ និងទំនិញគេចពន្ធមួយចំនួនទៀតតាមសាឡង់ធំៗ ឆ្លងកាត់ប្រឡាយ០១ ស្ថិតក្នុងភូមិសាស្ត្រស្រុកទ្រាំង និងស្រុកបុរីជលសារ ដែលពួកឈ្មួញត្រូវតែបង់ប្រាក់ជូនលោកកែវ វណ្ណឌី។ បង់ប្រាក់ជូនលោកកែវ វណ្ណឌី មិនមែនមានន័យថា ជាការបង់ពន្ធជូនជាតិនោះទេ ប៉ុន្តែគឺជាអំពើពុករលួយចូលក្នុងហោប៉ៅលោកកែវ វណ្ណឌីសុទ្ធសាធ។ ប្រជាពលរដ្ឋដែលមានលំនៅឋានអមសងខាងប្រឡាយ០១ បាននិយាយថា រថយន្តធំៗដឹកដែក ស៊ីម៉ង់ត៍ ធ្វើឲ្យខូចផ្លូវ និងប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ ។ ទំនិញទាំងនោះត្រូវប្រជាពលរដ្ឋអះអាងថា ជាទំនិញមិនបង់ពន្ធ។

គេរាយការណ៍ថា លោកកែវ វណ្ណឌី ឈរជើងនៅតំបន់នោះយូរឆ្នាំមកហើយ។ អាជ្ញាធរខេត្តតាកែវ ក្រោមអំណាចចាត់ចែងលោកឡាយ វណ្ណៈ ផ្តេកផ្តួលហាក់ដូចជាមិនមានអ្វីកើតឡើងនៅច្រកកំពង់ពពិល ស្រុកបុរីជលសារនោះឡើយ។ រីឯថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏ធ្វើមិនដឹងមិនឮក្នុងរឿងនេះដែរ ។ ដូច្នេះ វាជាការផ្តល់ឱកាសពេញទំហឹងឲ្យលោកកែវ វណ្ណឌី បន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត៕

លោក កែវ វណ្ណឌី