ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោកកែវ អូម៉ាលីស្ស មើលនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំផង

លោកកែវ អូម៉ាលីស្ស ទើបបានតែងតាំងជាប្រធានរដ្ឋបាលព្រៃឈើថ្មីៗនេះ ត្រូវគេរំពឹងថា ជាផ្នែកមួយដែល​ជំរុញឲ្យមានការកាត់បន្ថយ​បទល្មើសព្រៃឈើនៅទូទាំងប្រទេស ។ មួយរយៈកន្លងមក បទល្មើសព្រៃឈើ ត្រូវគេកត់​សម្គាល់ថា​បានកើនឡើងគួរឲ្យកត់សម្គាល់ ហើយអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើ ហាក់ដូចជាមិនមានចំណាត់ការ​ចំពោះ​មន្ត្រីក្រោមឱវាទ ដែលពាក់ព័ន្ធយ៉ាងជ្រៅជាមួយឈ្មួញ ក្នុងការរកស៊ីបទល្មើសព្រៃឈើ​នោះឡើយ ។ ប៉ុន្តែសម្រាប់លោក កែវ អូម៉ាលីស្ស ដែលទើបតែងតាំងជាប្រធានរដ្ឋបាលព្រៃឈើ​ ត្រូវគេរំពឹងថា អាច​នឹងគ្រាន់បើជាមេព្រៃឈើមុនៗ ។ ជាពិសេស​ការជំរុញឲ្យប្រសើរឡើងនូវការកាត់បន្ថយបទល្មើសព្រៃឈើនៅខេត្តកំពង់ធំ ។

មួយរយៈកន្លងមក លោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ​មិនខ្វល់ទាល់តែសោះ ចំពោះ​សកម្មភាពនៃការកាប់បំផ្លាញ​ព្រៃឈើនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ថ្នាក់ដឹកនាំខេត្តកំពង់ធំ ក៏បានប្រជុំដាស់តៀនជាញឹកញាប់ឲ្យស្ថាប័នជំនាញ ពោលគឺរដ្ឋបាលព្រៃឈើធ្វើយ៉ាងណា​បង្ក្រាបបទល្មើស ការកាប់បំផ្លាញ និងដឹកជញ្ជូនឈើឲ្យមានប្រសិទ្ធភាពផង ។ ប៉ុន្តែ​គេមិនឃើញលោកប៊ុន សុធី ស្តាប់ការណែនាំរបស់ថ្នាក់ដឹកនាំខេត្តម្តងណាឡើយ ។ ពោលគឺបទល្មើសព្រៃឈើ ទាំងការកាប់បំផ្លាញ និងដឹកជញ្ជូន នៅតែកើត​មានជាហូហែ ។ មិនតែប៉ុណ្ណោះ ពួកឈ្មួញរកស៊ីកាប់ឈើ និងដឹកជញ្ជូនឈើ​បាននិយាយខ្សឹបខ្សៀវថា ពួកគេបានចំណាយប្រាក់​ឲ្យពួកមេព្រៃខេត្តកំពង់ធំគ្រប់​ផ្នែកអស់ហើយ ទើបអាចដំណើរការដោយរលូន និងជាចំហរ ។

បើតាមសេចក្តីរាយការណ៍ពីតំបន់ទំរីង ស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំបានឲ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើ នៅតែ​កើតមានជាធម្មតា ។ នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានចាត់មន្ត្រី​ក្រោមឱវាទឲ្យចុះប្រមូលលុយពី​បទល្មើស​ព្រៃឈើ នៅតំបន់ទំរីងនោះរាល់ថ្ងៃ ។ ឈ្មួញល្បីឈ្មោះម្នាក់នៅឃុំទំរីង ហើយជាប្រធានសហគមន៍ជាំស្មាច់ ជាអ្នកទម្លាយព័ត៌មានអំពីការ​ដែលត្រូវស្ពាយប្រាក់ឲ្យពួកមន្ត្រីរដ្ឋបាលព្រៃឈើ ជាថ្នូរនឹងការដែលពួកគេ​អាចកាប់ឈើ និងដឹកជញ្ជូនឈើបាន ។ ប្រជាពលរដ្ឋ​នៅឃុំទំរីងបានឲ្យដឹងថា ព្រៃសហគមន៍ជាំស្មាច់ ដែលជាព្រៃការពារច្រើនឆ្នាំមកហើយ កំពុងប្រឈមនឹងមហន្តរាយ ព្រោះតែ​ការកាប់បំផ្លាញជារៀងរាល់ថ្ងៃ ។ ពួកមន្ត្រីសហគមន៍ឃុបឃិតជាមួយមន្ត្រីរដ្ឋបាលព្រៃឈើក្នុងការសាងវិនាសកម្មព្រៃឈើ​នៅទីនេះ ។

លោកសុខ លូ អភិបាលខេត្តកំពង់ធំ បើទោះបីជាបានក្រើនរំលឹកខ្លះៗ ដល់ពួកមន្ត្រីរដ្ឋបាលព្រៃឈើក៏ដោយ ប៉ុន្តែ​ទឹកមាត់​របស់គាត់​ត្រូវគេយល់ថា «សាប» ដោយលោកប៊ុន សុធី មិន​យកត្រចៀកស្តាប់នោះឡើយ ។ មិនយកត្រចៀកស្តាប់ ក៏ព្រោះតែ​លោកសុខ លូ មានផលប្រយោជន៍ក្នុងរឿងនេះដែរឬយ៉ាងណានោះ? ដូច្នេះហើយគេរំពឹងថា លោកកែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើដែលទើបកាន់តំណែងថ្មីៗ ចាត់វិធានការ ចំពោះលោកប៊ុន សុធី ដែល​នៅជិតកៀកកិតជាមួយ​ពួកឈ្មួញ ប្រព្រឹត្តបទល្មើសព្រៃឈើនោះផង ៕