ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោកចាន់ សុធាកំពុងសប្បាយនឹងកើបលុយពីបទល្មើសឆ្លងកាត់ខេត្តបាត់ដំបង

បើទោះបីជាក្រសួងមហាផ្ទៃបញ្ជាឲ្យលោកចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានបង្ក្រាបបទល្មើសសេដ្ឋកិច្ចដកកូនចៅ ដែលដាក់ប៉ុស្តិ៍តាមខេត្តដើម្បីយកប្រាក់បង់ឲ្យនាយកដ្ឋាននោះយ៉ាងណាក៏ដោយ ក៏លោកចាន់ សុធា ដែលមុននេះមានភារកិច្ចចាំយកលុយពីបទល្មើសឆ្លងកាត់ខេត្តបាត់ដំបងនោះ ត្រូវគេអះអាងថា លោកមិនបានដកកម្លាំងថយដូចបទបញ្ជាក្រសួងមហាផ្ទៃនោះឡើយ។ កម្លាំងរបស់លោកចាន់ សុធា កំពុងត្រូវបានដាក់នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ប្រភពរាយការណ៍ថា លោកចាន់ សុធា ប្រើកម្លាំងកូនចៅរបស់ខ្លួនឲ្យចាំយកប្រាក់ពីឈ្មួញរកស៊ីដឹកទំនិញតាមច្រកព្រំដែន ដោយមិនខ្លាចញញើតនឹងបទបញ្ជាក្រសួងមហាផ្ទៃនោះឡើយ មិនតែប៉ុណ្ណោះពួកឈ្មួញដែលដឹកទំនិញតាមផ្លូវជាតិលេខ៥ ក៏ត្រូវបង់ប្រាក់ជូនលោកចាន់ សុធាដែរ។ ពួកឈ្មួញរកស៊ី ដឹកទំនិញខុសច្បាប់ ក៏ដូចជាឈ្មួញដឹកឈើសុទ្ធតែសុំការអនុញ្ញាតពីលោកចាន់ សុធាដើម្បីឆ្លងកាត់ភូមិសាស្ត្រខេត្តបាត់ដំបង។ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចខេត្តបាត់ដំបងនរណាក៏ដឹងថា ក្រុមនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ កំពុងអុកឡុកយ៉ាងខ្លាំងទាំងនៅចំណុចព្រំដែនកម្ពុជា-ថៃ ក៏ដូចជានៅតាមផ្លូវជាតិលេខ៥។

NKD-36x6_outline

ប្រភពពីមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃខ្សឹបថា ការដែលលោកចាន់ សុធាបន្តធ្វើព្យុះភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងបាននោះ ព្រោះលោកបានចំណាយឲ្យថ្នាក់ដឹកនាំនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចគឺលោកចាន់ វ៉ាន់ធឿនរាល់ខែដែរ បើទោះបីជាមិនមានគោលការណ៍បង់តាមកំណត់ដូចមុនៗក៏ដោយ។ គេរំពឹងថា អគ្គស្នងការនគរបាលជាតិ នឹងពិនិត្យរឿងនេះឡើងវិញ ពីព្រោះលោកចាន់ សុធាកំពុងអុកឡុកឈ្មួញរកស៊ីដឹកទំនិញឆ្លងកាត់ខេត្តបាត់ដំបងខ្លាំងណាស់ ជាពិសេសគឺការដែលលោកចាន់ សុធា នៅតែបំពានបទបញ្ជាក្រសួងមហាផ្ទៃ ៕