ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោកជា តារា មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​

ប្រភពពី​មន្ត្រីនគរបាល​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ជា តារា ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​បក្ខពួក​កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ប្រទេសវៀតណាម​យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដែលជា​មនុស្ស​ជំនិត​របស់លោក ជា តារា កំពុង​ធ្វើ​សកម្មភាព​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ជា​រៀងរាល់ថ្ងៃ ហើយ​បន្ត​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។ គ្រប់​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុង​បាន​លុង និង​ផ្លូវជាតិ​លេខ​៧៨ ចេញទៅ​ប្រទេសវៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​ច្រករបៀង​ច្រើន​កន្លែង​ក្នុងស្រុក​អូ​រយ៉ា​ដាវ គឺ​ចៀស​មិន​ផុតពី​បង់លុយ​តាម​ការកំណត់​របស់លោក ឈាង សុភ័ក្ត្រ ដែលជា​មនុស្ស​ជំនិត​របស់លោក ជា តារា នោះឡើយ​។

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​នៅក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​ច្រើន​នាក់​បាន​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​វ៉ើ​ន​សៃ ស្រុក​កូន​មុំ និង​ស្រុក​លំផាត់ ឆ្លងកាត់​ក្រុង​បាន​លុង យ៉ាង​ពេញបន្ទុក​ហើយ​មិនឃើញ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្នុង​ខេត្តរតនគិរី ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ឈ្មួញ​ដែល​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេសវៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ មានដូចជា​ឈ្មោះ ចែ​រ៉ា​, ឈ្មោះ ទូច​, ឈ្មោះ ច​ន្ធី​, ឈ្មោះ ស្រេង និង​ឈ្មួញ​ឈ្មោះ ស្រី​លក្ខណ៍ ជាដើម ។ ជាពិសេសឈ្មោះ ហាវ គ្រាន់តែជាអ្នកបើកបររថយន្តឲ្យលោកស្រីអតីតអភិបាលរងខេត្តរតនគិរី ដែលបច្ចុប្បន្នផ្ទេរទៅជាអភិបាលរងខេត្តស្ទឹងត្រែង ក៏ជាឈ្មួញដឹកឈើដ៏សំខាន់ដែរ ។ និយាយរួមទៅ​ ថ្នាក់ដឹកនាំ​(អភិបាលរងខេត្ត) ភាគច្រើនជាអ្នកដែលពាក់ព័ន្ធនឹងរបររកស៊ីឈើខុសច្បាប់នេះ ហើយ​​ដែលជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ជា តារា និង​បក្ខពួក​។ ចំណែក​លោក វ៉ាន សង្វាត ស្នងការរង​នគរបាល​ខេត្តរតនគិរី ទទួលបន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កំពុង​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំង​អស់ហើយ​បណ្ដោយ​ឲ្យ​លោក ជា តារា និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ច្រើន​នាក់​នៅតែ​សម្រុក​ដឹកឈើ​ឆ្លងកាត់​ក្រុង​បាន​លុង តាមផ្លូវ​ជាតិ​លេខ​៧៨ ចេញទៅ​ប្រទេសវៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​ពេញបន្ទុក​ព្រោះ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភព​បាន​លើកឡើងថា លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​លោក ជា តារា នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ប្រទេសវៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ ៕