ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោកជា អេងសាន បើកដៃឲ្យកូនចៅនៅខេត្តតាកែវប្រព្រឹត្តបទល្មើសនេសាទ

អគ្គនាយកដ្ឋានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអំណាចចាត់ចែងរបស់លោកជា អេងសាន មិនអើពើទាល់តែសោះក្នុងការចាត់វិធានការបង្ក្រាបបទល្មើសនេសាទ។ ជាក់ស្តែងបទល្មើសនេសាទនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ដែលមានជនជាតិវៀតណាមមីដេរដាស់ពេញផ្ទៃទឹកនោះ គឺជាការបើកដៃដោយពួកមន្ត្រីជលផលប្រចាំតំបន់។ ពួកមន្ត្រីជលផលប្រចាំតំបន់ស្ថិតក្នុងស្រុកអង្គរបុរី នាំមុខដោយលោក ខឹម ប៊ុនថន និងអ៊ឹម ផាត ជាមេក្លោងក្នុងការចាត់ចែងឲ្យមានបទល្មើសនៅក្នុងភូមិសាស្ត្ររបស់ខ្លួនកាន់កាប់។ រីឯអគ្គនាយករដ្ឋបាលជលផលលោក ជា អេងសាន អត់ដែលខ្វល់ ឬសួរនាំពីបញ្ហាបទល្មើសនេសាទនោះឡើយ។

លោក ខឹម ប៊ុនថន

សព្វថ្ងៃនេះ ទូកជនជាតិវៀតណាមរាប់រយគ្រឿងក្នុងមួយថ្ងៃៗបានសម្រុកមកប្រមូលផលនេសាទ ក្នុងដែនដីខ្មែរ ដែលផ្ទុយទៅវិញ ពលរដ្ឋខ្មែរម្ចាស់ស្រុកពិតជាមិនអាចធ្វើនេសាទដើម្បីចិញ្ចឹមក្រពះបានឡើយ។ ពលរដ្ឋខ្មែរម្ចាស់ស្រុកធ្លាប់ត្រូវក្រុមលោកអ៊ឹម ផាតដេញបាញ់រយះទូក និងចាប់ខ្មែរម្ចាស់ស្រុកដាក់ខ្នោះបញ្ច្រកគុកថែមទៀតផង។ ករណីនេះគេមិនដឹងថា តើលោកជា អេងសាន មេជលផលស្រុកខ្មែរធ្លាប់ទទួលរបាយការណ៍ដែរ ឬយ៉ាងណានោះទេ? ក្រៅពីទូកនេសាទរបស់ជនជាតិវៀតណាម បណ្តាជនវៀតណាមផ្សេងទៀតមានសិទ្ធិដាក់របាំងស្បៃមុខសៃយ៉ឺនរាប់រយពាន់ម៉ែត្រ បន្ទាប់ពីពួកគេបង់ប្រាក់ឲ្យមន្ត្រីប្រចាំតំបន់ គឺលោកអ៊ឹម ផាត និងលោកខឹម ប៊ុនថន រួច។

NKD-36x6_outline

លោក អ៊ឹម ផាត

ករណីមន្ត្រីជលផលប្រព្រឹត្តពុករលួយនេះបានធ្វើឲ្យពលរដ្ឋខ្មែរនៅស្រុកអង្គរបុរីឈឺចិត្តណាស់ទៅហើយ ។ ប៉ុន្តែទាំងអាជ្ញាធរ ស្រុក ខេត្ត ជាពិសេសរដ្ឋបាលជលផលមិនខ្វល់នោះឡើយ ។ សម្តីពួកជលផលតែមួយម៉ាត់ គឺគេអាចប្រមូលលុយរាប់សែនដុល្លារពីរដូវនេសាទ នោះគឺថា បើមិនឲ្យជនជាតិវៀតណាមចូលនេសាទ ក៏ផលនេសាទរបស់ខ្មែរ(ត្រី) ត្រូវហូរតាមទឹកចូលទៅក្នុងប្រទេសវៀតណាមនោះដែរ។ គេមិនដឹងថា តើលោកជា អេងសាន ធ្លាប់ឮសម្តីបែបនេះរបស់ក្រុមមន្ត្រីជលផលខេត្តតាកែវដែរឬយ៉ាងណានោះទេ? ពួកមន្ត្រីជលផលគ្រប់តំបន់និយាយថា មេជលផលទូទាំងប្រទេសមិនដែលខ្វល់នឹងបទល្មើសអ្វីទេគឺជឿតែទៅលើរបាយការណ៍របស់ពួកគេតែប៉ុណ្ណោះ ដូច្នេះ អ្នកដទៃមិនអាចបង្ហាញការពិតឲ្យលោកជា អេងសាន ជឿនោះឡើយ។

លោក ជា អេងសាន

ប្រភពពីមន្ត្រីក្រសួងកសិកម្មនិយាយថា ខុសពីថ្នាក់ដឹកនាំមុនៗ នៅពេលដែលមានបញ្ហាអ្វីតែងតែសួរនាំកូនចៅ ប៉ុន្តែលោកជា អេងសាន មិនដែលខ្វល់នោះទេ គឺដេកមើលតែឯកសារដែលកូនចៅភូតកុហក់ផ្ញើមកជូនតែប៉ុណ្ណោះ។ ដូច្នេះលោកមិនអាចតាមដានការពិតនៅលើផ្ទៃទឹកថា មានអ្វីកើតឡើងនោះទេ គឺជឿតែទៅលើក្រដាស់ប៉ុណ្ណោះ។ រឿងបទល្មើសនេសាទនៅលើផ្ទៃទឹក គេអាចមើលដោយភ្នែកទទេឃើញ មិនចាំបាច់ពាក់វែនតាក៏បាន ៕