ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោកព្រះរាជអាជ្ញាខេត្តកំពង់ធំ​ស្ងាត់​ឈឹង

បន្ទាប់ពីក្ឌុងក្ឌាំង​មួយរយៈចាប់​ក្រុមអ្នករកស៊ីដឹកឈើ​ខុសច្បាប់ ឆ្លងកាត់ខេត្តកំពង់ធំរួចមក ស្ថាប័នអយ្យការ​អម​សាលាដំបូងខេត្តកំពង់ធំ​ស្ងាត់ស្ងៀមយ៉ាងល្អ ។ សកម្មភាពបែបនេះ​ត្រូវគេអះអាងថា ជាវិធី​វាយស្មៅបង្អើលពស់ ឬ​គៀងត្រីបញ្ចូលទ្រូ ។ ឥឡូវនេះ​មិនមែនខេត្តកំពង់ធំ​ គ្មានបទល្មើស​ឆ្លងកាត់នោះទេ ប៉ុន្តែ ប្រហែលជាមានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​មន្ត្រីស្ថាប័នតុលាការរួចហើយ ទើប​បានជាមិនឃើញមានសកម្មភាពចាប់បង្ក្រាប​ដូចមុនៗទៀតនោះ ។

សកម្មភាពដ៏ហ៊ឺកហ៊ាក់របស់លោក​ អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង​ខេត្តកំពង់ធំ សូម្បីតែយាយ ម៉ាយ ឈ្មួញឈើ​ដ៏ល្បីឈ្មោះ​នៅខេត្តឧត្តរមានជ័យ ក៏​លោកព្រះរាជអាជ្ញាចាប់ដែរ ។ បន្ទាប់ពីចាប់ឈ្មួញល្បីឈ្មោះរួចហើយ គឺ​មិនមានសកម្មភាពអ្វីជាដុំកំភួនទៀតទេ ស្របពេលដែលគេរាយការណ៍ថា បទល្មើសដឹកជញ្ជូនឈើ, សកម្មភាពកាប់បំផ្លាញព្រៃឈើ, បទល្មើសនេសាទ និងចំណុច​អសកម្មជាច្រើនទៀត មិនត្រូវបានលោកព្រះរាជអាជ្ញាធ្វើសកម្មភាពបង្ក្រាបដូចមុនទៀតឡើយ ។ ភាពស្ងៀមស្ងាត់នេះ នាំឲ្យគេសង្ស័យថា ស្ថាប័ន​តុលាការមួយនេះ ត្រូវរ៉ូវជាមួយពួកឈ្មួញរួចទៅហើយ ។

លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដំបូងឡើយធ្វើហាក់ដូចជា​ខ្លាំងដៃសម្បើមក្នុងការ​បង្ក្រាបបទល្មើស ប៉ុន្តែទីបំផុត បែរជាធូរលុងទៅវិញ ។ ទាំងនេះ​ធ្វើឲ្យគេយល់បានថា វាជាវិធីរបស់តុលាការ ដើម្បីផល​ប្រយោជន៍ ។ លោកអ៊ិត សុធា អាចនឹងមានដំណោះស្រាយជាច្រើនចំពោះការលើកឡើងបែបនេះ ។ ប៉ុន្តែយ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ​ នៅតែយល់ថា នោះជាវិធីនៃការវាយស្មៅបង្អើលពស់របស់ស្ថាប័នតុលាការមួយនេះតែប៉ុណ្ណោះ ។ ហេតុដូច្នេះហើយ បានជាមួយរយៈនេះ ហាក់ដូចជាស្ងាត់ស្ងៀមខ្លាំងចំពោះវិធានការបង្ក្រាបនានា ៕