ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោកសៅ សាវ៉ាត និងភរិយា កំពុងអុកឡុកស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

គេរាយការណ៍ថា លោកសៅ សាវ៉ាត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទទួលបន្ទុកកិច្ចការធនធានមនុស្ស ដែលមានភារកិច្ចក្នុងការដំឡើងតួនាទី, ដំឡើងឋានន្តរស័ក្តិ, ការដាក់វិន័យ, ការផ្លាស់ប្តូរមុខតំណែង, ការជូនលិខិតសរសើរ ឬប័ណ្ណសរសើរ… ស្ថិតនៅក្រោមការចាត់ចែងរបស់លោកសៅ សាវ៉ាត ។ ហេតុដូច្នេះហើយបានជា កូន, ប្អូន, ក្មួយ ក្រុមគ្រួសារលោកសៅ សាវ៉ាត ដែលធ្វើនគរបាលមិនបានប៉ុន្មានផង ត្រូវបានតែងតាំងជានាយរងការិយាល័យ, អធិការរង ក៏ដូចជានាយប៉ុស្តិ៍រដ្ឋបាល ដែលមន្ត្រីខ្លះ មិនទាំងចេះអក្សរច្បាស់លាស់ផង។

ភរិយាលោកសៅ សាវ៉ាត មានភារកិច្ចជាអ្នកចងការប្រាក់ឲ្យមន្ត្រីនគរបាលទូទាំងខេត្ត ។ លោកស្នងការរងរូបនេះ បានមកកាន់តួនាទីជាស្នងការរងគ្រប់គ្រងធនធានមនុស្សកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ដោយគ្មានការប្រជុំសម្រេចពីគណៈស្នងការ និងវាយតម្លៃឯកភាព និងស្នើសុំការសម្រេចពីគណៈអភិបាលខេត្តនោះទេ។

NKD-36x6_outline

បើតាមក្រុមមន្ត្រីនគរបាលបានឲ្យដឹងថា លោកសៅ សាវ៉ាត ធ្លាប់ត្រូវបានផ្លាស់ប្តូរពីស្នងការរងទទួលបន្ទុកធនធានមនុស្សឲ្យទៅកាន់កន្លែងផ្សេង ប៉ុន្តែលោកបានវិលត្រឡប់មកកន្លែងចាស់វិញ អំឡុងខែកក្កដា កន្លងទៅ។ វត្តមានរបស់លោកសៅ សាវ៉ាត កំពុងបង្កការភ័យខ្លាចដល់មន្ត្រីនគរបាលនៅក្នុងទូទាំងខេត្តមណ្ឌលគិរី។ បញ្ហាអំពើពុករលួយ បក្ខពួកនិយមកំពុងធ្វើឲ្យក្រុមមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីកើតក្តីព្រួយបារម្ភសារជាថ្មី ។ គេរំពឹងថា លោកស្នងការនគរបាលខេត្ត ក៏ដូចជាអគ្គស្នងការនគរបាលជាតិពិនិត្យករណីនេះឡើងវិញ ពីព្រោះមន្ត្រីនគរបាលស្ទើរតែទាំងអស់នៅក្នុងខេត្តមណ្ឌលគិរីមិនពេញចិត្តចំពោះទង្វើរបស់លោកសៅ សាវ៉ាត ដែលប្រកាន់បក្ខពួកនិយមពេកនោះឡើយ៕