ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក ឃី វណ្ណា ប្រធានការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវពុករលួយ

មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តស្នើឲ្យលោក សុខ សំណាង ស្នងការនគរបាល ខេត្តតាកែវពិនិត្យមើលឡើងវិញចំពោះទង្វើមិនប្រក្រតីរបស់លោកវរសេនីយ៍ឯក(ស័ក្ដិ៥) ឃី វណ្ណា ប្រធានការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវជាបន្ទាន់។ ការអំពាវនាវបែបនេះបានកើតឡើងបន្ទាប់ពីមន្ត្រីនគរបាលក្នុងខេត្តតាកែវមួយចំនួនបានទម្លាយជាសាធារណៈថា លោក ឃី វណ្ណា តម្រូវឲ្យពួកគេបង់លុយដើម្បីជាថ្នូរនឹងការដំឡើងស័ក្ដិគឺកំណត់ឲ្យមន្ត្រីនគរបាលណាដែលត្រូវដំឡើងស័ក្ដិត្រូវបង់លុយតាមកម្រិតស័ក្ដិ។ ប្រការនេះធ្វើឲ្យមន្ត្រីនគរបាលមួយចំនួនសុខចិត្តបង់លុយតាមការ កំណត់របស់លោក ឃី វណ្ណា ដោយមិនហ៊ានតវ៉ានោះទេ ប៉ុន្តែបន្ទាប់មកពួកគេលាត ត្រដាងទង្វើមិនប្រក្រតីនោះឲ្យអ្នកសារព័ត៌មានបានដឹងឮនិងចុះផ្សាយតែម្តង ។

ការបែកធ្លាយទង្វើមិនប្រក្រតីរបស់លោក ឃី វណ្ណា បានកើតឡើងយោងតាមឯកសារកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ហើយបន្ទាប់មកស្នងការនគរបាលខេត្តតាកែវ លោក សុខ សំណាង បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែធ្នូ និងលើក ទិសដៅបន្តផ្ទេរភារកិច្ចមុខតំណែង បំពាក់ឋានន្តរស័ក្ដិឲ្យមន្ត្រីនគរបាលនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។ មន្ត្រីនគរបាលដែលត្រូវដំឡើងស័ក្ដិមួយចំនួនបង្ហាញឲ្យឃើញថា សម្រាប់អ្នកពាក់ស័ក្ដិ១ខ្លះត្រូវបង់១០ម៉ឺនរៀលអ្នកពាក់ស័ក្ដិ២ខ្លះត្រូវបង់២០ម៉ឺនរៀល ហើយអ្នកខ្លះទៀតត្រូវបង់រហូតដល់ជាង១០០ដុល្លារក៏មានដែរ។ មន្ត្រីនគរបាលដែលត្រូវបង់លុយឲ្យលោក ឃី វណ្ណា ប្រធានការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ គឺភាគច្រើនជាមន្ត្រីមកពីអធិការដ្ឋាននគរបាលស្រុកអង្គរបុរី និងមកពី បណ្ដាស្រុកមួយចំនួនទៀតផងដែរ ។

NKD-36x6_outline

ប្រភពពីមន្ត្រីនគរបាលតូចតាចនៅស្នងការដ្ឋាននគរបាលខេត្តតាកែវបានឲ្យដឹងថា រឿងប្រមូលលុយកាក់ពីមន្ត្រីនគរបាលដែលត្រូវឡើងស័ក្ដិគឺជាការចាត់ចែងទាំងស្រុងរបស់លោក ឃី វណ្ណា ប្រធានការិយាល័យបុគ្គលិក។ ភាពមិនប្រក្រតីទាំងនោះជារឿងដែលលោក ឃី វណ្ណា មិនអាចបិទបាំងបានទេព្រោះមានឯកសារបញ្ជាក់អំពីការ បង់លុយរបស់មន្ត្រីនគរបាលដែលត្រូវដំឡើងស័ក្ដិយ៉ាងច្បាស់ក្រឡែតរួចទៅហើយ។ ដូច្នេះលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវមិនគួរបណ្ដោយឲ្យលោក ឃី វណ្ណា ប្រធានការិយាល័យបុគ្គលិកធ្វើអ្វីៗតាមអំពើចិត្តទៀតទេ ព្រោះទង្វើបែបនេះអ្នកដែលគ្មានលុយបង់តាមការកំណត់មិនត្រូវបានដំឡើងស័ក្ដិនោះឡើយទោះបីពួកគេ សកម្មការងារយ៉ាងណាក៏ដោយ។ ជាងនេះទៅទៀតក្នុងខេត្តតាកែវបច្ចុប្បន្នមានបទល្មើសផ្សេងៗកើតឡើង ជាពិសេសល្បែងស៊ីសងនិងគ្រឿងញៀន ហើយការបង្ក្រាប របស់សមត្ថកិច្ចនគរបាលពុំមានប្រសិទ្ធភាពនៅឡើយ ៕