ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក ចាន់ សុធា នៅតែអាចប្រមូលលុយក្នុងខេត្តបាត់ដំបងបានយ៉ាងរលូន

ប្រភពពីឈ្មួញរកសុីដឹកទំនិញឆ្លងកាត់ខេត្តបាត់ដំបងបានឲ្យដឹងថា រហូតមកដល់ ពេលនេះលោក ចាន់ សុធា ប្រធានក្រុមនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង មហាផ្ទៃប្រចាំខេត្តបាត់ដំបងនៅតែប្រើអំណាចប្រមូលប្រាក់យ៉ាងរលូន។ ប្រភព បានឲ្យដឹងទៀតថា ទោះបីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃចេញបទបញ្ជាឲ្យបញ្ឈប់ការដាក់កុងត្រូលជជុះឬប៉ុស្ដិ៍ត្រួតពិនិត្យដើម្បីជំរិតយកប្រាក់ពីឈ្មួញនិងក្រុមអាជីវករដឹក ជញ្ជូនទំនិញយ៉ាងណាក៏ដោយ ក៏លោក ចាន់ សុធា នៅតែអាចចាត់តាំងកូនចៅឲ្យ ប្រមូលលុយបានដូចមុនដដែល។ ជាងនេះទៅទៀតគ្មានឈ្មួញឬអាជីវករណាហ៊ាន រំលងមិនបង់លុយឲ្យក្រុមមនុស្សរបស់លោក ចាន់ សុធា នោះទេប្រសិនបើមិនចង់ឲ្យ មានការរំខានពេលដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តបាត់ដំបង ។

NKD-36x6_outline

ប្រភពដែលស្និទ្ធនឹងលោក ចាន់ សុធា ប្រធានក្រុមនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃឈរជើងក្នុងខេត្តបាត់ដំបងបានឲ្យដឹងថា ប៉ុន្មានខែចុងក្រោយ នេះលោក ចាន់ សុធា បានបន្ថែមមនុស្សមួយចំនួនទៀតឲ្យចុះទៅប្រមូលលុយពីឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញនៅក្នុងខេត្តបាត់ដំបង។ ទង្វើរបស់លោក ចាន់ សុធា ជាការបំពានយ៉ាងកំរោលទៅលើបទបញ្ជារបស់ក្រសួងមហាផ្ទៃ ហើយសូម្បីតែអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តបាត់ដំបងក៏មិនពេញចិត្តនឹងទង្វើដ៏គឃ្លើនរបស់លោក ចាន់ សុធា នោះដែរ ។

ប្រភពពីឈ្មួញនិងអាជីវករខ្លះបានឲ្យដឹងថា ទោះបីលោក ចាន់ សុធា មិនដាក់កុងត្រូលជជុះឬប៉ុស្ដិ៍ត្រួតពិនិត្យដូចមុនក៏ដោយ ក៏ពួកគេនៅតែចៀសមិនផុតពីការបង់ លុយឲ្យកូនចៅលោក ចាន់ សុធា ដែលប្រើគ្រប់វិធីដើម្បីប្រមូលលុយនោះទេ។ ប្រភពពីសមត្ថកិច្ចក្នុងខេត្តបាត់ដំបងបានឲ្យដឹងថា ប្រមាណ៣ខែកន្លងទៅនេះលោក ចាន់ សុធា បានបញ្ជូនកម្លាំងនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃក្រោមការគ្រប់គ្រងរបស់ ខ្លួនឲ្យចុះប្រមូលផលប្រយោជន៍គ្រប់ច្រកល្ហកនៅក្នុងខេត្តបាត់ដំបង ៕