ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ខ្សឹបដាក់ត្រចៀក៖ លោក ប្រាក់ អ៊ីឡេង ត្រឡប់មកសាងបទល្មើស​ព្រៃឈើសារជាថ្មី

បទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ បាននិងកំពុងកក្រើកឡើងវិញ បន្ទាប់ពីវត្តមាន​របស់លោកប្រាក់ អ៊ីឡេង ប្រធាន​ក្រុមល្បាតពិសេស​នៃមន្ទីរបរិស្ថាន​ខេត្តពោធិ៍សាត់ ត្រឡប់មកកាន់ការងារវិញ ។ លោក​ប្រាក់ អ៊ីឡេង ត្រូវបានថ្នាក់លើរបស់ខ្លួន(ក្រសួង) ដក​បញ្ឈរជើងមួយរយៈ ដោយសារតែ​បញ្ហាបទល្មើស​ព្រៃឈើ​នៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ ប៉ុន្តែដោយមានការសម្របសម្រួលពីលោក ប៉ាន់ មរកត ប្រធានមន្ទីរ​បរិស្ថានខេត្តពោធិ៍សាត់ ទើបលោកប្រាក់ អ៊ីឡេង មានឱកាសមកធ្វើជាក្លោងនៃការកសាងបទល្មើសព្រៃឈើនៅតំបន់ដែនជម្រកសត្វ​ព្រៃភ្នំឱរ៉ាល់ជាថ្មីម្តងទៀត ។

ប្រភពបានរាយការណ៍ថា ថ្មីៗនេះបទល្មើសព្រៃឈើនៅតំបន់ជម្រកសត្វព្រៃភ្នំឱរ៉ាល់បានកក្រើកជាថ្មីម្តងទៀត​ក្រោមការផ្តួចផ្តើមឲ្យមានបទល្មើសរបស់លោកប្រាក់ អ៊ីឡេង ប្រធានក្រុមប្រតិបត្តិការពិសេស​ផ្នែកបរិស្ថាន​ប្រចាំដែន​ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ គោយន្តដឹកឈើជាច្រើនគ្រឿង​ក្នុងមួយថ្ងៃៗ បានដឹកឈើចេញពីតំបន់​ភ្នំឱរ៉ាល់ ឆ្លងតាមស្នាក់ការ​រងអំពិល ចេញ​ទៅខេត្តកំពង់ស្ពឺ ។ លោកប្រាក់ អ៊ីឡេង ជាអ្នករាប់ចំនួនគោយន្តដឹកឈើចេញពីតំបន់​ដែនជម្រក ហើយ​ប្រមូលថវិកាជូនលោកប្រធានមន្ទីរបរិស្ថាន ។ រវាងលោកប៉ាន់ មរកត នឹងលោកប្រាក់ អ៊ីឡេង ត្រូវបានក្រុមមន្ត្រីបរិស្ថានខេត្តពោធិ៍សាត់អះអាងថា ជាមិត្តភក្តិម្រាក់ក្លើនឹងគ្នា ហេតុដូច្នេះហើយទើបលោក ប៉ាន់ មរកត ប្រឹងប្រែងយឹតយោងលោកប្រាក់ អ៊ីឡេង ឲ្យត្រឡប់មកកាន់ការងារនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះវិញ ។ លោកប្រាក់ អ៊ីឡេង មិនដែលបណ្តែតបណ្តោយឲ្យ​ឈ្មួញដឹកឈើ​ណាមួយ រួចផុតពីកណ្តាប់ដៃរបស់ខ្លួននោះឡើយ ។ ប្រការនេះហើយ ទើបធ្វើឲ្យលោកប៉ាន់ មរកត ពេញចិត្តនឹងការងារដ៏ស្វិតស្វាញរបស់លោកប្រាក់ អ៊ីឡេង ។

គេមិនដឹងថា តើថ្នាក់ដឹកនាំក្រសួងបរិស្ថានបានជ្រាប់ដែរឬទេអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់នោះ ។ វត្តមានរបស់លោកប្រាក់ អ៊ីឡេង កំពុងតែបង្កហានិភ័យជាថ្មីម្តងទៀត​ចំពោះព្រៃឈើដែលនៅសេសសល់តិចតួច នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ ប្រសិនបើនៅតែបណ្តែតបណ្តោយ បញ្ហា​ព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់មុខជាត្រូវរលាយក្នុងកណ្តាប់ដៃលោកប្រាក់ អ៊ីឡេង និងប៉ាន់ មរកត នេះមិនខានឡើយ ។ ការដែលក្រសួងបរិស្ថានគ្មានចំណាត់ការលើបុគ្គលទាំងពីរខាងលើនេះ នាំឲ្យប្រជាពលរដ្ឋក្នុងសហគមន៍យល់ថា ថ្នាក់ដឹកនាំក្រសួងទទួលបានប្រយោជន៍ពីមន្ត្រីទាំងពីរនាក់នេះដែរ ទើបគ្មានចំណាត់ការ​ ។ គេរំពឹងថា ក្រសួងបរិស្ថាន បើគ្មានបញ្ហាពាក់ព័ន្ធជាមួយមន្ត្រីទាំងពីរនាក់នេះ គួរបញ្ចេញកណ្តាប់ដៃឲ្យប្រជាពលរដ្ឋ​បានឃើញម្តងផង ៕